កីឡាករទូកក្តោង កែវ ភារុន ឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីជើងឯកអាស៊ី ASAF Asian Windsurfing ដើម្បីជាទុនមុនចូលស៊ីហ្គេម នៅហ្វីលីពីន

(ចិន)៖ កីឡាករ កែវ ភារុន វ័យ១៥ឆ្នាំ បានយកឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019 នៅប្រទេសចិន ដើម្បីជាទុនមុនចូលរួម ប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គមេ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩។

យោងតាមមន្ត្រីសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីហ្វឹកហាត់ រយៈពេល១ខែរបស់កី ឡាករជម្រើសជាតិកីឡាទូកក្តោងទាំង៣នាក់លើវិញ្ញាសា Windsurfing នៅប្រទេសចិនសហព័ន្ធបានបញ្ជូន កីឡាករទាំង៣នាក់នេះដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស គ្រូបង្វឹកជម្រើសជាតិទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019 ដែលប្រព្រឹត្តិទៅ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន។

មន្ត្រីសហព័ន្ធបានបញ្ជាក់ថា កីឡាករជម្រើសជាតិទូកក្តោងទាំង៣នាក់នេះចូលរួមប្រកួត ក្នុងចំណោម ដែលមានកីឡាករប្រមាណ១៣០នាក់ចូលរួមប្រកួត ក្រោមរៀបចំដោយសហព័ន្ធកីឡាទូកក្តោងប្រទេសចិន សហការជាមួយសហព័ន្ធកីឡាទូកក្តោងអាស៊ី ដោយកីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men, កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19, កីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19, ក្រោយពី ការប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019។ ជាមួយគ្នានោះលទ្ធផលដែលទទួលបាន គឺកីឡាករ សូត្រ មេសា ទទួលបានចំណាត់ថ្នាក់លេខ១៩ ក្នុងចំណោមកីឡា ២២នាក់។ កីឡាករ ប៉ាល់ សីលា ចំណាត់ថ្នាក់លេខ៥ ក្នុង ចំណោកីឡា៥នាក់។ កីឡាករ កែវ ភារុន វ័យ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករ៥នាក់ ដោយ ឈ្នះមេដាយសំរិទ្ធិ១គ្រឿង។

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានចាត់ទុកថា នេះគឺជាជោគជ័យមួយថ្មីមួយទៀត សម្រាប់ឆ្នាំ២០១៩ ហើយក៏ជាមេដាយដំបូងដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាទទួលបានពីការប្រកួតកំរិតអាស៊ីផងដែរ។ កីឡាករទាំង៣នាក់នេះនឹងបន្តការហ្វឹកហាត់នៅទីប្រទេសចិនដដែល រយៈពេល១ខែបន្ថែមទៀត ដើម្បីបង្កើន គុណភាពបច្ចេកទេស ត្រៀមខ្លួនចូលរួមប្រកួតក្នុង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ។

ក្រៅពីនេះ សហព័ន្ធកីឡាជំនាញមួយនេះក៏បានបញ្ជូនកីឡាករជម្រើសជាតិម្នាក់ផ្សេងទៀត គឺកីឡាករ ញ៉ូវ ចាន់ លេងលើវិញ្ញាសា Laser Standard រយៈពេល១ខែ នៅប្រទេសសិង្ហបុរី ក្រោមការដឹកនាំដោយលោក យឹន កែវវាសនា ជាគ្រូបង្វឹកទៅចូលរួមក្នុងការប្រកួតអន្តរជាតិ KFC-NSC MELAKA Open Regatta 2019 ដែល ប្រព្រឹត្តិទៅពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

ជាលទ្ធផលកីឡា ករ ញ៉ូវ ចាន់ ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំនោមកីឡាករចំនួន៧នាក់។ ការហ្វឹហាត់ត្រៀម និងប្រកួត របស់កីឡាករ ញ៉ូវ ចាន់ នាពេលនេះ ក៏ត្រៀមខ្លួនសម្រាប់ ស៊ីហ្គេម នៅប្រទេសហ្វីលីពីនដូចគ្នាផងដែរ៕ (ប្រភព៖ Cambodia SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង