សមត្ថកិច្ចបញ្ជូនខ្លួនចិន ៥នាក់ ទៅតុលាការពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ចិនដូចគ្នា

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនជាតិចិនចំនួន ៥នាក់ (ស្រីម្នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទាំង ៥នាក់ រួមមាន៖ឈ្មោះ Yan Hang Kai ភេទប្រុស ១៩ឆ្នាំ, ឈ្មោះ Zhang Yang ភេទប្រុស, ឈ្មោះ Li Xinmao , ឈ្មោះ Wang Yan Jim និងឈ្មោះ Wang Yang ស្នាក់នៅ ផ្ទះសំណាក់ផ្ទះមាស ផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

ចំណែកជនរងគ្រោះឈ្មោះ Washi Long ស្នាក់នៅកន្លែងកើតហេតុ សណ្ឋាគារឡាក់គីស្តារ២ អគារលេខ៣៦ ផ្លូវ៣៣៦ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួររម្លឹកថា សមត្ថកិច្ចខណ្ឌទួលគោក និងខណ្ឌចំការមន បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចសណ្ឋាគារឡាក់គីស្តារ២ ទីតាំងលេខ៣៦ ផ្លូវ៣៣៦ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះបានទៅប្តឹងឲ្យមន្ត្រីស្ថានទូតចិនឲ្យជួយអន្តរាគមន៍៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង