​ព្រះ​បរម​រតន​កោដ្ឋ​ មាន​ព្រះរាជ​ឱង្ការ​ពីរ​ បី​ព្រះ​ឱស្ថ​ ទៅ​កាន់​ព្រះរាជបុត្រ​ ហើយ​ព្រះ​អង្គ​ញញឹម មុន​ព្រះអង្គយាង​ចូល​ព្រះ​ទិវង្គត

(​ភ្នំពេញ​)៖​ មុន​ការ​យាង​ចូល​ព្រះ​ទិវង្គត​នៃ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ប្រជាជាតិ​កម្ពុជា​ ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​ពីរ​ បី​ព្រះ​ឱស្ថ​ ទៅ​កាន់​ព្រះរាជបុត្រ​ ហើយ​ព្រះ​អង្គ​ញញឹម​។​

​តាម​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ Royal​ du​ Cambodge​ បាន​លើក​ឡើង​ថា​ នា​យប់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​ ២០១២​ ព្រះករុណា​ ព្រះបាទ​សម្តេច​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះ​អង្គ​ចាប់ផ្តើម​ចាប់​ចុក​ព្រះ​ឱរា​ព្រះ​ហ​ទយៈ​(​ បេះដូង​)​ យ៉ាង​ខ្លះ​ ភ្លាមៗ​ជា​បន្ទាន់​នោះ​សម្តេចព្រះ​មហាក្សត្រិយ៍​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រមទាំង​កូនចៅ​ចាំ​គាល់​បម្រើ​ ហ្លួង​ នៅ​ប៉េ​កាំ​ង​ បាន​យាង​សម្តេចឪ​ចាក​ចេញពី​ព្រះរាជ​ដំណាក់​ទីក្រុង​ប៉េ​កាំ​ង​ទៅ​កាន់​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ប្រ​ញ៉ា​ល់​។​

​នៅ​ទីនោះ​លោក​វេជ្ជបណ្ឌិត​ ចិន​ដ៏​ចំណានៗ​បាន​តាមដាន​ជាប់​រហូត​ និង​ ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ រិះរក​វិធី​គ្រប់​បែប​យ៉ាង​ ដើម្បី​ថែទាំ​ និង​ ព្យាបាល​ព្រះរាជ​សុខភាព​ទ្រង់​យ៉ាង​ល្អិតល្អន់​ជាទី​បំផុត​។​

​នៅ​ក្នុង​មន្ទីរពេទ្យ​ សម្តេចម៉ែ​ ទ្រង់​ក៏​បាន​ទូរស័ព្ទ​មក​កាន់​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​គង់​ប្រថាប់​នៅ​ឯ​រាជធានី​ភ្នំពេញ​ ដើម្បី​ទូល​ថ្វាយ​ ព្រះករុណា​ជា​អម្ចាស់​ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​អ​ក្កា​រៈ​ប្រឈួន​ព្រះ​វររាជ​បិតា​ទ្រង់​ ហើយ​សម្តេចម៉ែ​ក៏​បាន​យក​ទូរស័ព្ទ​នោះ​ទៅ​ថ្វាយ​ ព្រះករុណា​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ ទ្រង់​ព្រះ​សណ្តាប់​។​ ក្រោយ​ពី​ព្រះ​សណ្តាប់​ ព្រះរាជ​បន្ទូល​របស់​ ព្រះរាជបុត្រ​ ហើយ​ ព្រះ​អង្គ​ញញឹម​ និង​មាន​ព្រះរាជ​ឱង្ការ​ពីរ​ បី​ព្រះ​ឱស្ថ​ ដោយសារ​តែ​ព្រះ​អង្គ​ប្រឈួន​ខ្លាំង​។​

​នេះ​ជា​លើក​ចុង​ក្រោយ​បំផុត​នៃ​ព្រះ​ជន្ម​សម្តេចឪ​ សម្តេច​តា​ សម្តេច​តា​ទួត​ ដែល​ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​ជាមួយ​ព្រះរាជបុត្រ​ (​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ )​ ។​ ក្នុង​មួយ​ព្រះ​ជន្ម​ សម្តេចឪ​ ទ្រង់​មិន​សព្វព្រះទ័យ​ទាល់តែ​សោះ​ ចំពោះ​ការ​មាន​ព្រះរាជ​ឱង្ការ​តាម​ទូរស័ព្ទ​ជាមួយ​នរណា​ម្នាក់​ឡើយ​។​ ក៏​ប៉ុន្តែ​ទ្រង់​បែរជា​មាន​ព្រះរាជ​ឱង្ការ​ដោយ​ស្នាមញញឹម​ជាមួយ​ ព្រះរាជបុត្រ​ ប៉ុន្នា​ន​ម៉ោង​មុន​ទ្រង់​សោយ​ព្រះ​ទិវង្គត​។​

​នា​វេលា​ម៉ោង​ ១´:២០​នាទី​រំលង​អា​ធ្រា​ត​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​ ព្រះ​កុរ​ណា​ ព្រះបាទ​សម្តេច​ នរោត្តម​ សីហ​នុ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្តេច​យាង​ចូល​ព្រះ​ទិវង្គត​ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ នា​មន្ទីរពេទ្យ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​ចុកចាប់​ព្រះ​ហ​ទយៈ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង