មន្ត្រី​ជំនាញ ០១​រូប នៃ ប​.​ស​.​ស កម្ពុជា ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការវិភាគ​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម នៅ​អ៊ីតាលី​

(​អ៊ីតាលី​)៖ មន្ត្រី​ជំនាញ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ០១​រូប ក្រោម​ការចាត់​តាំងពី​សំណាក់​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុល​ជានា​យក ប​.​ស​.​ស បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការវិភាគ​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម (Training Course on Public Finance for Social Protection Analysts) ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អន្តរជាតិ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ITC/ILO) ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ (GIZ) ។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​ផ្តល់​ជំនាញ​អនុវត្តន៍ ដល់​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី​ កិច្ច​គាំពារ​សង្គម ដើម្បី​វាយតម្លៃ​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​កិច្ច​គាំពារ​សង្គម និង​អភិវឌ្ឍ​ផែនការ​ហិរញ្ញប្បទាន​ដែល​គ្រោងឡើង​សម្រាប់​ប្រទេស​នីមួយ​។ លក្ខណៈ​សំខាន់ នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ការរួមបញ្ចូល​គ្នា​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង​វិស័យ​កិច្ច​គាំពារ​សង្គម​។​

​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះដែរ ក៏បានផ្តល់​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងនោះ​រួមមាន ការប្រមូល​ចំណូល​ប្រចាំឆ្នាំ និង​ការអភិវឌ្ឍ​ថវិកា និង​ការកសាង​ចំណេះដឹង និង​ជំនាញ ​ដែល​ចាំបាច់​សម្រាប់​ការវិភាគ​ផ្នែក​ហិរញ្ញប្បទាន​កិច្ច​គាំពារ​សង្គម​។ វា​ក៏បាន​រួមបញ្ចូល​របក​គំហើញ​មួយចំនួន នៃ​ហិរញ្ញប្បទាន​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម​ផងដែរ តាមរយៈ​ភាគទាន​របស់​កម្មករ​និយោជិត និង​និយោជក ​ជាដើម។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ខាងលើ ប្រព្រឹត្តទៅ​ចំនួន ១២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិតនៅ​ទីក្រុង​ទួ​រី​ន ប្រទេស​អ៊ីតាលី ដោយមាន​វត្តមាន​ចូលរួម​ពី តំណាង​អង្គភាព​/​ស្ថាប័ន នៃ​រដ្ឋាភិបាល​, ដៃគូរ​សង្គម ដែល​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​នៃ​ស្ថាប័ន​សន្តិសុខ​សង្គម​, ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ច​គាំពារ​សង្គម និង​តំណាង​មកពី​អង្គការក្រៅរដ្ឋាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​ដ៏​ច្រើន​ផងដែរ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង