IMF៖ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា នៅតែ​រឹងមាំ នឹង​កើនឡើង ៧​ភាគរយ នៅ​ឆ្នាំ​២០១៩​នេះ​

(​ភ្នំពេញ​)៖ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅតែមាន​ស្ថិរភាព ដំណើរការ​រីកលូតលាស់​ល្អ ខណៈដែល​កំណែទម្រង់រ​ច​នា​សម្ព័ន្ធ កំពុង​បន្ត​រួមចំណែក​ដល់​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ទន្ទឹមនឹង​នេះដែរ ប្រទេស​កម្ពុជា ក៏​ប្រឈម​នឹង​ភាពមិន​ប្រាកដ​ប្រជា​មួយ បញ្ហា​ខាងក្រៅ ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​ខាងក្នុង​មួយចំនួន​ផងដែរ​។ នេះ​បើ​យោងតាម​ការវាយតម្លៃ​តរបស់​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បាន​ចុះ​សិក្សា​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​។​

​ស្ថាប័ន IMF បាន​វាយតម្លៃថា សកម្មភាព​សេដ្ឋកិច្ចកម្ពុជា នៅតែ​រឹងមាំ​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​រំពឹងថា នឹងមាន​ប្រហែល ៧​ភាគរយ​នៅ​ឆ្នាំនេះ​ដោយ សារ​កំណើន​នៃ​ការនាំចេញ និង​សកម្មភាព​រីកលូតលាស់​នៃ​វិស័យ​សំណង់ ខណៈ​អតិផរណា​នៅ​ថេរ​ប្រហែល ២,៥​ភាគរយ​។​

​ការ​ថមថយ​នៃ​ស្ថានភាព​ខាងក្រៅ​ត្រូវបាន​គេ​រំពឹងថា នឹង​នាំឱ្យមាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​យឺត​ក្រោម ៧​ភាគរយ​នៅ​ឆ្នាំ ២០២០​។ ក្នុង​រយៈពេល​មធ្យម​កំណើនសេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់​ចុះ​បន្ថែមទៀត​នៅពេល​វដ្ត​អចលនៈទ្រព្យ និង​ឥណទាន​មាន​ភាពចាស់ទុំ​។​

​ចក្ខុវិស័យ​សេដ្ឋកិច្ចរ​បស់​ប្រទេស​កម្ពុ​ជាមាន​ភាព​វិជ្ជមាន ទោះបីជា​វា​មាន​ហានិភ័យ​ខ្លះ​ក៏ដោយចុះ​។ ការពិនិត្យ​ឡើងវិញ​នូវ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) របស់​សហគមន៍​អ៊ឺរ៉ុប​ដែលជា​ដៃគូ​នាំ​ចេញ​​ចម្បង​របស់​កម្ពុ​ជា ដែល​អាច​នាំឱ្យ​មានការ​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​អនុគ្រោះ​នៅ​ឆ្នាំក្រោយ អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​រយៈពេល​ខ្លី​។​

​ហានិភ័យ​ផ្សេងទៀត​រួមមាន​៖ (i) ការព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ការ​គាំពារ​ពាណិជ្ជកម្ម​សកល ដែល​អាច​រារាំង​ការនាំចេញ និង​រារាំង​ទំនុកចិត្ត​របស់​វិនិយោគិន​។ (ii) ការ​កើន​យឺត​សេដ្ឋកិច្ចពិភព​លោក រួមទាំង​កំណើន​យឺត​នៅក្នុង​ប្រទេស​ចិន​។ និង (iii) ហានិភ័យ​បណ្តាល មកពី​ភាព​ងាយ​រង​គ្រោះ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កើនឡើង​។​

​តាម IMF បាន​ឲ្យ​ដឹង​ទៀតថា ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ផែនការ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម នឹងធ្វើ​ឲ្យ​ថវិកា​ឆ្នាំ ២០២០ រំពឹងថា នឹងមាន​កំណើន​ប្រាក់ចំណូល​ជា​បន្តបន្ទាប់ និង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​ពី​កំណើន​ពី​ការព្យួរ EBA ស្របពេល​រដ្ឋាភិបាល​ប​ង្កើ​ន​ការចំណាយ​គាំទ្រ​ដល់​ការបង្កើត​ការងារ ការអភិវឌ្ឍ​ធន​មនុស្ស និង​ការកើនឡើង​នូវ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​បំណុល​សាធារណៈ​នៅតែ​ទាប​នៅ ២៨,៦​ភាគរយ​នៃ​ផសស​នៅ​ឆ្នាំ ២០១៨ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹងថា នឹង​នៅតែមាន​ហានិភ័យ​ទាប​នៃ​ភាព​តានតឹង​បំណុល បើទោះបីជា​មានការ​កើនឡើង​ទាំង​ការទូទាត់​បំណុល និង​ភាពជា​ដៃគូ​ឯកជន​សាធារណៈ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​។ IMF បាន​បន្តថា រដ្ឋាភិបាល​គួរតែ​បន្ត​អនុវត្ត​វិធានការ​ម៉ាក្រូសេដ្ឋកិច្ច និង​ចាត់​វិធានការ​ស្វាគមន៍​វិនិយោគ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​សេចក្តីសម្រេច​គោល​នយោបាយ​ម៉ាក្រូ​។​

​ការព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា របស់ IMF ដែលថា នឹងមាន​កំណើន ៧​ភាគរយ នៅ​ឆ្នាំ ២០១៩​នេះ គឺ​ដូចគ្នា​​ទៅនឹង​អនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​ធនាគារពិភពលោក​ដែរ​៕​

 

The cityscape of the Cambodian capital taken from the Eclipse Sky Bar

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង