សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅ​​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ឆេក ហុងគ្រី និងប៊ុលហ្គារី ក្នុងទឹកដីអឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣-១៧​តុលា​

(​ភ្នំពេញ​)៖ នៅម៉ោង ៦ និង ៣០ នាទី​​ព្រឹក​​ថ្ងៃ​ទី​​១១ ខែ​តុលា ឆ្នាំ​​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី នៅ​​អឺរ៉ុប គឺ​៖ សាធារណរដ្ឋ​ឆែក ហុង​គ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៩​។

​សេចក្តីប្រកាសរបស់ក្រសួងការបរទេស លើកឡើងថា អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ជាច្រើន​ទៀត​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

I.​ ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក​
​ ​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស (Andrej Babiš) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក ពីថ្ងៃ​ទី ១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ​២០១៩​។

ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ចា​រ៉ូ​ស្លា​វ គុ​បេ​រ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆែក​។​
​ ​បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស នឹង​ជួបពិភាក្សា​ទ្វេភាគី​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការយកចិត្តទុកដាក់​រួម​។ ក្រោយ​ជំនួប​ផ្លូវការ​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​។​

II.​កិច្ចប្រជុំ​កំពូល​ប៊ុ​យ​ដា​ប៉ែស​ស្តីពី​ទឹក លើក​ទី​៣
​ ​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី​ហុង​គ្រី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3rd BWS) នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​។

រៀបចំឡើង​ក្រោម​ប្រធានបទ «​ការទប់ស្កាត់​វិបត្តិ​ទឹក​» កិច្ចប្រជុំ 3rd BWS នឹង​ផ្តល់ឱកាស​ដល់​ថ្នាក់​ដឹកនាំ និង​អ្នកចូលរួម​ទាំងអស់​ចែករំលែក​បទពិសោធន៍ និង​ផ្លាស់ប្តូរ​ទស្សនៈ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា ទាំង​នៅក្នុង​តំបន់ និង​សកលលោក​នាពេល​បច្ចុប្បន្ន សំដៅ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន នូវ​ការរីកលូតលាស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ជាពិសេស​ទប់ស្កាត់​វិបត្តិ​ទឹក​ឲ្យ​បាន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ ដោយ​ផ្តោតទៅលើ​អាទិភាព យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​លើកឡើង​ពី​ភាពចាំបាច់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​សម្រាប់​សន្តិសុខ​ទឹក​និង​និរន្តរភាព​បរិស្ថាន និង​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា និន្នាការ​នៃ​ការឡើង​កំដៅ​ភពផែនដី កំណើនប្រជាជន​ក្នុង​សកលលោក និង​ជម្លោះ​ក្នុងការ​ប្រើប្រាស់​ទឹក​ឆ្លងដែន​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ ប្រធានាធិបតី​ហុង​គ្រី ព្រមទាំង​ទទួល​ការចូល​ជួប សម្តែង​ការគួរសម​ដាច់ដោយឡែក​ដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយក​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO)​។

III.​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប៊ុលហ្គារី​
​​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម បូ​យ​កូ បូរី​សសុ​វ (Boyko Borissov) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ ប៊ុលហ្គារី ពីថ្ងៃ​ទី ១៥ ដល់ទី ១៦ ខែតុលា ឆ្នាំ​២០១៩​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម រូ​មិន រ៉ា​ដេ​វ (Rumen Radev) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ប៊ុលហ្គារី ឯកឧត្តម​នាយករដ្ឋមន្ត្រី​បូ​យ​កូ បូរី​សសុ​វ ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការបារម្ភ​រួមគ្នា​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com