រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គាំទ្រ​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ចង់ឲ្យ​អ្នកកាសែត វាយតម្លៃ​កម្រិតសេរីភាព​ខ្លួនឯង​!

(​ភ្នំពេញ​)៖ ពិធី​បិទ​សមាជ​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បានធ្វើ​ឡើង កាលពី​ព្រលប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​អគារ​សេរីភាព ដែលជា​ទីស្នាក់ការ​កណ្តា​ល ស​.​ស​.​ស​.​ក ក្នុង​តំបន់​អភិវឌ្ឍ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​គាំទ្រ​ភ្លាមៗ​នូវ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ឯកឧត្តម ចង់​ឲ្យ​សមាគម​អ្នកកាសែត​នៅ​កម្ពុជា វាយតម្លៃ​ពី​សេរីភាព​សារព័ត៌មាន​ដោយ​ខ្លួនឯង ពុំ​ចាំបាច់​រង់ចាំ​អង្គការ​សមាគម​អ្នកកាសែត​បរទេស វាយតម្លៃ​នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សមាជ លើក​ទី​២ របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ ដែល​ទើប​ជា​ជាប់ឆ្នោត​ក្លាយជា​ប្រធាន​បន្ត នៅ​អាណត្តិ​ទី​២ បាន​ថ្លែងថា “​ដើម្បី​ចូលរួម​លើកតម្កើង​កិត្តិនាម និង​កិត្តិយស​របស់​ប្រទេសជាតិ​យើង ខ្ញុំ​សូម​អំពាវនាវ​ដល់​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ និពន្ធ​នាយក សូម​ខិតខំ​ដណ្តើម​ឲ្យ​បាន​នូវ​អ្វីដែល​យើង​ហៅថា សិទ្ធិ​ស្វ័យ​សម្រេច និង​ការ​ឯករាជ្យ គឺ​យើង​ហ៊ាន​សរសេរ​នូវ​ការពិត​មួយ និង​ជ្រុង​មួយ ដើម្បី​លើក​កិត្តិនាម​នៃ​ប្រទេស​របស់​យើង ហើយ​យើង​ត្រូវ​ហ៊ាន​ប្រើ​រូបភាព ដែលជា​តម្លៃ និង​កិត្តិយស ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រទេសជាតិ​យើង​។ ខ្ញុំ​យល់ឃើញថា ការរក​អំពើ​ល្អ និង​ស្នាដៃ​ល្អ ចំណុច​ល្អ ងាយ​នឹង​ធ្វើបាន​ណាស់ ហើយ​សកម្មភាព​របស់​យើង នៅថ្ងៃនេះ នឹងមាន​តម្លៃ​យ៉ាង​ធំធេង ដល់​កូន​ជាទី​ស្រឡាញ់​របស់​យើង និង​ប្រជាជន​របស់​យើង គេ​អាច​រស់នៅ​ក្នុងសង្គម​មួយ​ដ៏​ផូរផង់​”​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បាន​បញ្ជាក់​បន្ថែមថា “​ខ្ញុំ​ក៏​សូម​យក​ឱកាស​អំពាវនាវ នៅទីនេះ មាន​លោក ប៉ែន បូ​ណា ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​មាន​សមាគម​ដទៃទៀត ឲ្យ​ចាប់ដៃគ្នា​សហការ រួមគ្នា​ធ្វើ​សេចក្តីថ្លែងការណ៍​រួម ឬ​ធ្វើ​របាយការណ៍​វាយតម្លៃ​ពី​សេរីភាព​សារព័ត៌មាន និង​គុណភាព​សារព័ត៌​មាននៅ​កម្ពុជា ដោយ​ខ្លួនឯង កុំ​ទុក​ឲ្យ​បរទេស​ខាងក្រៅ និយាយ​វាយតម្លៃ​យើង​ឲ្យ​សោះ​។ កុំ​ទុក​ឲ្យ​បរទេស ធ្វើ​អាណានិគម​លើ​ប្រជាជាតិ​យើង តាមរយៈ​សមរភូមិ​សាធារណៈមតិ​។ យើង​ត្រូវ​ចាប់យក​មេក្រូ និយាយ​ឲ្យ​បាន​មុន ហើយ​រួមគ្នា និយាយ​ឲ្យ​បាន​ខ្លាំង ដើម្បី​លើក​គុណ​តម្លៃ និង​ការពារ​កិត្តិយស​ប្រជាជាតិ​ខ្មែរ​យើង​មុនគេ​។ កុំ​ឲ្យ​គេ​ត្រួតត្រា​សតិអារម្មណ៍ គោលជំហរ ស្មារតី​របស់​យើង ឲ្យ​ទន់ជ្រាយ មើលរំលង​តម្លៃ​ជាតិ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​យើង​ឲ្យ​សោះ​។ ភាពរឹងមាំ​របស់​ប្រទេសជាតិ​យើង គឺ​នៅលើ​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ចេញមុខ​ការពារ​មុនគេ​”​។

​បន្ទាប់ពី​ឯកឧត្តម ហ៊ុយ វណៈ ថ្លែង​ចប់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​ប្រកាស​គាំទ្រ​នូវ​ប្រសាសន៍​របស់​ឯក​ឧ​ត្ត​ម ហ៊ុយ វណ្ណៈ ខាងលើនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា “​ខ្ញុំ​ក៏មាន​ការពេញចិត្ត ដែល​ឯកឧត្តម ហ៊ុយ វណ្ណៈ ចង់​ឲ្យ​ខ្លួន​យើង ជា​អ្នកវាយតម្លៃ​អំពី​កម្រិត​អ្នកសារព័ត៌មាន​របស់​យើង​។ តាមពិត ចំពោះ Reporters Sans Frontières ( អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន ) ដែល​តែងតែ​ធ្វើការ​វាយតម្លៃ​នេះ បើសិនជា​អស់លោក បាន​ទៅ​ជួប​ពួកគេ​វិញ បានដឹងថា មនុស្ស​មួយចំនួន គឺ​មិនដែល​ធ្វើ​កាសែត​ទេ​។ ប៉ុន្តែ​គេ​មាន​សមាគម​អ្នកកាសែត តែ​អ្នក​ដែល​នៅ​រដ្ឋបាល​តែម្តង គឺ​គេ​អត់​ដែល​ធ្វើ​កាសែត​ទេ​។ ខ្លះ​អាយុ​នៅ​ក្មេង​ជាង​អស់លោក​ផង​។ ដូច្នេះ​គ្រាន់តែ​ជា​រដ្ឋបាល​មួយ ចាំតែ​ទទួល​បណ្តឹង​ពី​គ្រប់​ទីកន្លែង​មក វាយតម្លៃ​ទៅ​។ ដូច្នេះ​ខ្ញុំ​គិតថា ការ​ឲ្យ​តម្លៃ​យើង​ជា​អ្នកសារព័ត៌មាន ខ្លួន​យើង គឺ​សំខាន់បំផុត​”​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ខ្មែរ​យើង ខិតខំ​ប្រឹងប្រែង បន្ថែមទៀត ៣ ចំណុច​៖ ១-​អ្នកសារព័ត៌មាន គួរតែ​បង្កើន​ចំណេះដឹង​ផ្លូវច្បាប់ ២-​ការប្រើ​បច្ចេកវិទ្យា កុំ​ព្យួ​ទ័​រ និង​៣-​អ្នកសារព័ត៌មាន​វិភាគ​។

​ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​បញ្ជាក់ថា បើ​យើង​ចង់​លើក​កិត្តិយស​កម្ពុជា នោះ​ដំបូង​គេ យើង​ត្រូវ​លើកតម្កើង​កិត្តិយស​របស់​អ្នកកាសែត​ជាមុនសិន​។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​សមាគម​អ្នកកាសែត ខិតខំ​បណ្តុះបណ្តាល​អ្នកកាសែត ប្រកបដោយ​គុណភាព​វិជ្ជាជីវៈ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com