រដ្ឋមន្ត្រី​ព័ត៌មាន​៖ អគារ​សេរីភាព បញ្ជាក់​ពី​ភាព​ត្រចះត្រចង់​របស់​សារព័ត៌មាន​កម្ពុជា​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​បិទ​សមាជ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក នា​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ដល់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ដែល​បានរៀបចំ​សមាជ ក៏ដូចជា​ការសាងសង់​រួចរាល់​នូវ “​អគារ​សេរីភាព​” ដែលជា​ទីស្នាក់ការ​កណ្តា​ល​របស់​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក​។ អគារ​សេរីភាព រប​ស់ស​.​ស​.​ស​.​ក ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចាត់ទុកថា ជាការ​បញ្ជាក់​ពី​ភាព​ត្រចះត្រចង់​របស់​សារព័ត៌មាន​កម្ពុជា​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា “​អ្វីដែល​សំខាន់​ទៀត​នោះ ដែល​ថ្ងៃនេះ គឺ​យើង​បានមក​ជួបជុំគ្នា នៅក្នុង​អគារ​ដ៏​ស្កឹមស្កៃ​នេះ ដែល​ខ្ញុំ​បាន​និយាយថា អគារ​នេះ វា​មិន​គ្រាន់​ត្រឹមតែ​ស្កឹមស្កៃ វា​មិន​គ្រាន់​ត្រឹមតែ​បង្ហាញ​រូបរាង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​អនាគត​ដ៏​ត្រចះត្រចង់​នៃ​សារព័ត៌មាន នៅ​កម្ពុជា​។ ពិតមែន​ហើយ យើង​មាន​សមាគម​សារព័ត៌មាន​ជាង ៣០​។ សមាគម​ខ្លះ​ក៏​ដើរ សមាគម​ខ្លះ​ក៏​មិន​ដើរ សមាគម​ខ្លះ ក្រ សមាគម​ខ្លះ មាន ប៉ុន្តែ​ម្នាក់ៗ​សុទ្ធតែ​ចង់​ឲ្យ​វិស័យ​សារព័ត៌មាន​យើង​នេះ កាន់តែ​មានការ​រីកចម្រើន​”​។

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បន្តថា បើ​យើង​ពិនិត្យមើល​សសរស្តម្ភ​ទាំង ១០ ដែល​សមាជ​របស់​សហ​ភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សម្រេចបាន គឺ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​ល្អ​ត្រចះត្រចង់​ក្នុង​វិស័យ​សារព័ត៌មាន​របស់​យើង​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​យើង ខិតខំ​ប្រឹងប្រែង បន្ថែមទៀត ៣ ចំណុច​៖
១-​អ្នកសារព័ត៌មាន គួរតែ​បង្កើន​ចំណេះដឹង​ផ្លូវច្បាប់​
២-​ការប្រើ​បច្ចេកវិទ្យា កុំ​ព្យួ​ទ័​រ​
៣-​អ្នកសារព័ត៌មាន​វិភាគ

​ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​បញ្ជាក់ថា បើ​យើង​ចង់​លើក​កិត្តិយស​កម្ពុជា នោះ​ដំបូង​គេ យើង​ត្រូវ​លើកតម្កើង​កិត្តិយស​របស់​អ្នកកាសែត​ជាមុនសិន​។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​សមាគម​អ្នកកាសែត ខិតខំ​បណ្តុះបណ្តាល​អ្នកកាសែត ប្រកបដោយ​គុណភាព​វិជ្ជាជីវៈ​។​

​សូមជម្រាបថា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បាន​សាងសង់​រួចរាល់​នូវ​អគារ​សេរីភាព ស្ថិតនៅ​ទល់មុខ​នឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​អគារ​សេរីភាព ដែលជា​ទីស្នាក់ការ​កណ្តា​ល​របស់​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ទទួលបាន​ការឧបត្ថម្ភ​ថវិកា​សាងសង់ និង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។

​ក្នុង​ស្លាក​ចារឹក “​កតវេទិតា​” ដែល​ដាក់តាំង​នៅក្នុង​អគារ​សេរីភាព សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើងថា “​អគារ​នេះ ពិតជា​មានតម្លៃ​ដ៏​ធំធេង​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា និង​ជា​អគារ​សហព័ន្ធ​សារព័ត៌មាន​ដ៏​ធំជាងគេ​នៅ​អាស៊ី​។ នេះ​គឺជា​សក្ខីភាព​ប​បញ្ជាក់​ពី​ទស្សនៈវិស័យ​ជា​សកល​របស់​សម្តេច ក្នុងការ​លើកកម្ពស់​តួនាទី​សេរី​ផាព​សារព័ត៌មាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​គូសបញ្ជាក់​បន្ថែមថា “​យើងខ្ញុំ​នឹង​ប្រើប្រាស់​អគារ​នេះ សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ស្មារតី “​ផឹកទឹក នឹក​ដល់​ប្រភព ជ្រក​ក្រោម​ម្លប់ នឹក​ដល់​គុណ​អ្នក​ដាំ​”។

អគារសេរីភាព ទើបតែត្រូវបានសាងសង់រួចរាល់ ហើយ​សហភាពសហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានរៀបចំសមាជ លើកទី២ នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ ដោយ​នៅក្នុងកម្មវិធីបិទសមាជ នាព្រលប់​នេះ ក៏មានពិធីជប់លៀងពិសាបាយសាមគ្គី​ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម លោកជំទាវ ឧកញ៉ា រួមទាំងអ្នកកាសែតយ៉ាងច្រើនកោះករ នៅក្នុងអគារសេរីភាព​នេះ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com