ប្រធាន​សហព័ន្ធ​ ហុកគី លើកទឹកចិត្ត​ក្រុមកីឡាការិនី​ជម្រើសជាតិ បង្កើនការហ្វឹកហាត់នៅថៃ ដើម្បីត្រៀមប្រកួតស៊ីហ្គេម

(កម្ពុជា)៖ ប្រធានសហព័ន្ធកីឡាហុកគី​កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តជូន​ដល់ក្រុម​កីឡា​ការិនី​ជម្រើសជាតិកីឡាហុកគី ធ្វើយ៉ាងណាត្រូវបានឆន្ទៈខ្ពស់ ក្នុងការចេញទៅហ្វឹកហាត់បង្កើន​គុណភាព បច្ចេកទេសនៅប្រទេសថៃ មុនពេលទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

មានប្រសាសន៍​សំណេះ​សំណាល​ជាមួយក្រុម​ជម្រើសជាតិហុកគី កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា បានលើកឡើងនូវការលំបាក សម្រាប់ប្រភេទកីឡា ដែលលេង​ជាក្រុមនេះ ប៉ុន្តែឯកឧត្តមបានក្រើនរំឭក ផ្តល់អនុសាសន៍ឲ្យកីឡាការិនីជម្រើសជាតិហុកគី រក្សាបាននូវស្មារតីជាក្រុម (Team Spirit) ដោយត្រូវចេះគោរពស្រឡាញ់គ្នា អត់ឱនអនុគ្រោះ​អធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យក្រុមរបស់ខ្លួនមានភាពរឹងមាំ ទាំងការហ្វឹកហាត់ និង​ការប្រកួត ជាដើម។

ប្រធាន​សហព័ន្ធរូបនេះ បន្ថែមទៀតថា ការហ្វឹកហាត់ត្រៀម ក៏ដូចជាប្រកួតនេះ ត្រូវខិតខំធ្វើយ៉ាង​ណា​ឲ្យស៊ីសង្វាក់គ្នាខាងផ្នែកបច្ចេកទេស រីឯការស៊ីសង្វាក់គ្នាផ្នែកផ្លូវចិត្ត អារម្មណ៍នោះ ក៏ត្រូវតែ​មានដូចគ្នា ដើម្បីជំរុញឲ្យការប្រកួតនេះមានភាពរលូន និងអាចស្វែងរកបាននូវលទ្ធផល​កាន់​តែប្រសើរផងដែរ។ ការលេងជាក្រុមនេះ មិនអាចប្រកាន់ចិត្តខឹង ធ្វើឲ្យចិត្តសាស្រ្តក្រុមនេះ បែកឆ្ងាយ​ពីគ្នានោះឡើយ ព្រោះការចាញ់ ឬឈ្នះ គឺជាលទ្ធផលក្រុមទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធហុកគីឲ្យក្រុមកីឡាការិនីបានដាស់តឿនអោយត្រូវតែខិតខំក្នុងរយៈពេលហ្វឹកហាត់ត្រៀមខ្លួននេះ ដោយត្រូវគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ ស្តាប់បង្គាប់គ្រូបង្វឹក ដោយមិនត្រូវហ្វឹកហាត់តាមអារម្មណ៍ផ្ទាល់ខ្លួនម្នាក់ៗនោះទេ ប៉ុន្តែត្រូវគោរពតាមកម្មវិធីហ្វឹកហាត់បច្ចេកទេស ដែលបានកំណត់ទុក។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីបញ្ជាក់ថា ក្រុមកីឡាការិនីជម្រើសជាតិហុកគីកម្ពុជា មានចំនួន១២នាក់ ដែល៦នាក់ ហាត់ក្នុងស្រុក រីឯ៦នាក់ផ្សេងទៀត នៅបរទេស ដោយគ្រោងនឹងហ្វឹកហាត់ជុំគ្នានៅប្រទេសថៃ ដោយគ្រោងនឹងចេញដំណើរនាថ្ងៃទី១៥ ខែតុលា។ ការហ្វឹកហាត់នៅថៃនេះទទួលបានកញ្ចប់ថវិកាឧបត្ថម្ភលើប្រាក់ហោប៉ៅ ថ្លៃសំបុត្រយន្តហោះទៅមក ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។ រីឯការស្នាក់នៅហូបចុក រ៉ាប់រងដោយសមាគមហុកគីថៃ។

សូមបញ្ជាក់ថា ក្រុមកីឡាការិនីជម្រើសជាតិកីឡាហុកគីនឹងត្រូវចេញទៅហ្វឹកហាត់បង្កើនគុណភាព បច្ចេកទេស រយៈពេល១ខែកន្លះ ដើម្បីត្រៀមចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ដោយកម្ពុជា បានត្រៀមប្រភេទកីឡាសរុបចំនួន៣០ ក្នុងនោះមាន៩ប្រភេទកីឡា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលឈានទៅប្រជែងបានមេដាយ៕ (ប្រភព៖ Cambodia SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com