កម្ពុជា គាំទ្រ​កាណាដា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

(​ភ្នំពេញ​)៖ កម្ពុជា បានបញ្ជាក់​អំពី​ជំហរ ក្នុងការ​គាំទ្រ​កាណាដា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។ ជំហរ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ប្រាប់​លោកស្រី Domica Pottie ឯកអគ្គរដ្ឋទូត​កាណាដា ដែល​ចប់​អាណត្តិ នៅ​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩​។

​ក្នុងជំនួប​នោះ លោកជំទាវ បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​លោកជំទាវ បាន​មានប្រសាសន៍ថា លោកជំទាវ បានមក​បំពេញបេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ២​អាណត្តិ​ហើយ គឺ​អាណត្តិ​ទី​១ គឺ​ពី ២០០៤-២០០៧ និង​អណ​ត្តិ​ទី​២ ពី ២០១៦-២០១៩​។

​លោកជំទាវ បាន​មានប្រសាសន៍ថា កម្ពុជា និង​កាណាដា មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ក៏បាន​ចូលរួម​ក្នុង​កិច្ចការ​ជាច្រើន ជាមួយ​ប្រទេស​កម្ពុជា​ផងដែរ​។

​លោកជំទាវ ក៏បាន​សម្ដែង​ការពេញចិត្ត និង​បាន​កោតសរសើរ ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី​។

​លោកជំទាវ ក៏មាន​ការពេញចិត្ត​ផងដែរ សំរាប់​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​កាណាដា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍ថា​ ​កាលណា បាន​ដើរតួនាទី​យ៉ាងសំខាន់​​ក្នុងការ​អភិវឌ្ឍ​​របស់​​ប្រទេស​​កម្ពុជា ដូចជា​ ក្នុងការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ក្នុងនោះ​ប្រទេស​កាណាដា ​ក៏បាន​ចូលរួម​ក្នុង​វិស័យ​សំខាន់ៗ​ផងដែរ ដូចជា​ការវិនិយោគ ពាណិជ្ជកម្ម ការ​បោស​សំអាត​​មីន​វិស័យ​ធនាគារ និង​អប់រំ ជាដើម​។ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​កាណាដា និង​កម្ពុជា​វិញ ជាង ១​ពាន់​​លាន​​ដុល្លារ ហើយ​ផលិតផល​របស់​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ប្រទេស​កាណាដា​ច្រើន​នោះ​គឺ​សម្លៀកបំពាក់​។

​ត្រង់ចំនុច​នេះ លោកជំទាវ ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី ដែល​បម្រើ​ការងារ​លើ​វិស័យ​វ​ឧស្សាហ​កម្មនេះ​។ ជាពិសេស​ការ​ផ្ដល់​​នូវ​តម្រូវការ​សំខាន់ ដល់ក​ម្មករ ដូចជា ការគិតគូរ​ពី​កន្លែងធ្វើការ ប្រាក់ខែ និង​របប​គាំពារ​សង្គម​ជាដើម ជាពិសេស​ស្ត្រី ដែលមាន​ផ្ទៃពោះ​នោះ​។ ចំណុច​នេះ ធ្វើ​ឲ្យ​លោកជំទាវ ក៏ដូចជា​ប្រទេស​កាណាដា កាន់​តែមាន​ជំនឿ​ទុកចិត្ត​មកលើ​ប្រទេស​កម្ពុជា ជាពិសេស​ការដឹកនាំរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ ក៏បាន​កោតសរសើរ​ប្រទេស​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​ការ​បង្កើន​កងកម្លាំង​ថែរក្សា​សន្តិភាព​មួក​ខៀវ ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ ដែលជា​ការរួមចំណែក​យ៉ាង​សំខាន់ ក្នុងការ​ថែរក្សា​សន្តិភាព​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ ជាពិសេស​ចំនួន​ស្ត្រី ដែល​បាន​ទៅ​ចូលរួម​នៅក្នុង​កងកម្លាំង​មួក​ខៀវ​ថែរក្សា​សន្តិភាព​នោះ​។

សម្ដេច ​ក៏បាន​មានប្រសាសន៍ថា កាលពីមុន យើង​ទទួល​កងកម្លាំង​មួក​ខៀវ​ពី​ប្រទេសក្រៅ ក៏ប៉ុន្តែ​ឥឡូវនេះ យើង​បញ្ជូន​មួក​ខៀវ បញ្ជូន​កងកម្លាំង​មួក​ខៀវ​ថែរក្សា​សន្តិភាព ទៅកាន់​បណ្ដាល​ប្រទេស​ផ្សេងៗ នេះ​ជា​មោទកភាព​មួយ សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។

​សម្ដេច ក៏បាន​អរគុណ​ដល់​លោកជំទាវ ដែល​តែងតែ​ឲ្យ​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា និង​បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា រហូតដល់​សព្វថ្ងៃនេះ​។​

​លោកជំទាវ បាន​មានប្រសាសន៍​ទៀតថា ថ្មីៗ​នេះ យើង​បាន​ចុះហត្ថលេខា​ជាមួយគ្នា ទាក់ទង​វិស័យ​អប់រំ​ជាមួយ នឹង​មហាវិទ្យាល័យ ផា​រ៉ា​ហ្គ​ន ដើម្បី​បញ្ជូន​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា ហើយ​លោកជំទាវ នឹង​ខិតខំ​ដើម្បី​ឱ្យមាន​អាហារូបករណ៍​បន្ថែមទៀត សម្រាប់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​។​

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​នៅលើ​វេទិកា​អន្តរជាតិ​វិញ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា នឹង​គាំទ្រ​បេក្ខភាព​របស់​កាណាដា ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​ឆ្នាំ​២០២១-២០២២ ដែល​នឹង​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២០ ខាងមុខ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com