ចេញ​សម្តែង​នៅ​អាមេរិក ១ ខែ ចឺម ស៊ី ១​ម៉ឺន​ដុល្លារ​!

(​ភ្នំពេញ​)៖ អ្នកចម្រៀង​ល្បី​ជើង​ថ្មី ដែល​ចេញពី​អ្នកកំប្លែង លោក ចឺម បាន​ឡើង​យន្តហោះ ទៅកាន់​ទឹកដី​លោក ដូ​ណា​ល់ ត្រាំ កាលពី​យប់​ថ្ងៃទី​០៨ តុលា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​រយៈពេល​មួយខែ​នេះ មានការ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក ចឺម ស៊ីថ្លៃ ១​ម៉ឺន​ដុល្លារ​អាមេរិក​។​

​តាមរយៈ​ការ​បង្ហើប​ប្រាប់​ពី​សាច់ញាតិ​របស់​តារា​រូបនេះ ចឺម គ្រោង​ទៅ​សម្តែង​ច្រៀង​នៅ​សហរដ្ឋអាមេរិក​រយៈពេល​ពីរ​ខែ ពោលគឺ​តាំងពីដើម​ខែកញ្ញា មក​ម្លេះ តែដោយសារ​លោក​មានកា​រ​ខ្វះខាត​ឯកសារ​ក៏ត្រូវ​ខាត​ពេល​អស់​មួយខែ ដូច្នេះហើយ​លោក​នៅសល់​ពេល​សម្តែង​តែមួយ​ខែ​ប៉ុណ្ណោះ​។​

​នៅពេល​ជជីក​សួរ​ពី​ការសម្តែង​ក្នុង​រយៈពេល​មួយខែ​នេះ សាច់ញាតិ​របស់​តារា​រូបនេះ​បាន​ឲ្យ​ដឹងថា ចឺម ត្រូវ​សម្តែង​ច្រៀង ៤​លើក នៅ​ទីក្រុង និង​រដ្ឋ​ផ្សេងៗ​គ្នា​លើដី​អាមេរិក ហើយ​ជាការ​ពិត​នៅពេល​និយាយ​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន ១​ម៉ឺន​ដុល្លារ ក្នុងការ​សម្តែង​រយៈពេល​១​ខែ​នេះ ដែល​នេះ​មិន​រាប់បញ្ចូល​ថ្លៃ​ធ្វើដំណើរ ការ​ស្នាក់នៅ ហូបចុក​ឡើយ​។

​ចឺម អាចនឹងទទួល​បាន​ប្រាក់​ធី​ម​បន្ថែម​ជាច្រើន​ពី​បងប្អូន​នៅ​ទីនោះ ព្រោះ​តាមរយៈ​បងប្អូន​នៅ​ទី​នោះបាន​បញ្ជាក់ថា ពួកគាត់​ស្រឡាញ់​ចូលចិត្ត​ភាព​កំប្លុកកំប្លែង​របស់ ចឺម ណាស់​។​

​សាច់ញាតិ​របស់​តារា​រូបនេះ​បាន​បញ្ជាក់ថា ចឺម មិនអាច​នៅ​អាមេរិក​បានយូរ​ទេ ដោយសារ​ឈានចូល​ដល់​ខែវិច្ឆិកា ធ្នូ ចុងឆ្នាំ ការងារ​ការប្រគំ​តន្ត្រី​នានា ក៏​ចាប់​ធ្វើឡើង​យ៉ាង​ផុលផុស ដែល​មិនអាច​បន្ត​នៅ​ទៀត ពោលគឺ​គ្រាន់តែ​មកដល់​ខ្មែរ​វិញ​ភ្លាម គឺ​ការងារ​បន្ត​ជាប់​តែម្តង​។​

​មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ អ្នកចម្រៀង និង​ជា​អ្នកកំប្លែង នាយ ចឺម មានឈ្មោះ​ដើម​ថា “​សុខ មេសា​” បាន​ចូលប្រឡូក​សិ​ល្បះ នៅ​ចុងឆ្នាំ​២០១០ ក្នុង​វ័យ ១២ ឆ្នាំ តាមរយៈ​នាយ ក្រូច ត្រូវជា​ឪពុកមា​។

​ក្រោយមក​លោក សុវណ្ណ រិទ្ធី ហៅ​តា វិចទ័រ ក៏បាន​ផ្ដល់ឱកាស និង​បណ្ដុះបណ្ដាល​ការសម្ដែង​ដល់​អតីត​ក្មេងប្រុស​អ្នក​ទូល​ក្រសាំង ត្រកួន​លក់ និង​ដើរ​ច្រៀង​តាម​អក​កា​ដង់​រូបនេះ ឲ្យ​ក្លាយជា​អ្នកកំប្លែង ក្នុង​ក្រុម​កំប្លែង​នាយ​ពាក់​មី​។

​សព្វថ្ងៃ ក្រៅពី​អាជីព​ជា​អ្នកកំប្លែង សុខ មេសា ហៅ នាយ ចឺម ក៏​ជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com