សម្តេច​តេ​ជោ ហ៊ុន សែន​៖ ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាត​ឲ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឲ្យ​ដែរ​

( ភ្នំពេញ )៖ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាត​ឲ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឲ្យ​ដែរ​។ ​​
​​
​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​សុក្រ ទី​១១ ខែតុលា​នេះ បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក​បញ្ជាក់ថា ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាត​ឲ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឲ្យ​ដែរ​។ រាជរដ្ឋាភិបាល អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​បំផុត ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​ចូលរួម​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ផ្សព្វផ្សាយ​ផែន​ការ​រដ្ឋប្រហារ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ទៅ​ទទួល​ដំណើរ​ជន​ក្បត់ជាតិ សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

ការបញ្ជាក់​ជាថ្មី​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​មកដល់​ពេលនេះ យ៉ាងហោចណាស់ មាន​អតីត​ថ្នាក់ដឹកនាំ​កំពូល សកម្មជន និង​អតីត​ថ្នាក់ដឹកនាំ​តាម​បណ្តា​ខេត្ត​រាជធានី​ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់​ជាង ៣០​នាក់ ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ចេញ​ដីកាចាប់ខ្លួន ពីបទ ឧបឃាត និង​បទ រួមគំនិត​ក្បត់ជាតិ​។ ក្នុងនោះ យ៉ាងហោចណាស់ ក៏មាន​អតីត​សកម្មជន និង​អតីត​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ហើយ ត្រូវបាន​ចាប់ឃុំខ្លួន តាម​ដីកា​របស់​តុលាការ ពីបទ រួមគំនិត​ក្បត់ជាតិ​។​

ក៏ប៉ុន្តែ​ក៏មាន​យ៉ាងហោចណាស់ ជន​ត្រូវ​ចោទពីបទ រួមគំនិតក្បត់ ២​នាក់ បាន​ចូល​សារភាព​ទោស​កំហុស ហើយ​មិន​ត្រូវបាន​ចៅក្រម ឃុំខ្លួន​នោះទេ​។ ក្នុងនោះ រួមមាន​៖ អ្នកស្រី សេង សុខុន អតីត​ចៅសង្កាត់​ផ្សារ​ដេប៉ូ ទី​២ ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ឈ្មោះ រស់ គឹម​សៀង ជា​អតីត​ប្រធាន​យុវជន ខេត្តកំពង់ធំ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រម​សារភាព​ទោសកំហុស ក្រោយ​ដឹងខ្លួន​ថា បាន​បាញ់​បោក​ឧបាយកល​របស់​ទណ្ឌិត សម រង្ស៊ី​។​

​នៅ​ថ្ងៃទី​១១ ខែតុលា​នេះ ឈ្មោះ ហម វុទ្ធី អតីត​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ចាប់ឃុំខ្លួន ពីបទ “​រួមគំនិត​ក្បត់​” ក៏បាន​ចេញ​វិ​ដេ​អូ​ខ្លី​ប បញ្ជាក់ថា ខ្លួន​ពុំមាន​ការវាយដំ ឬ​ត្រូវបាន​សម្លាប់ ដូច​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មួយចំនួន​នោះឡើយ​។​
​កាលពី​ថ្ងៃទី​១០ ខែតុលា​ម្សិលមិញ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា បានប្រកាស ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង