ជប៉ុនប្រកាស​បន្តផ្តល់​ការគាំទ្រថវិកា​ និងដំណើរការ​របស់សាលាក្តី​ខ្មែរក្រហម​

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានធ្វើទស្សនកិច្ចនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩ នេះដើម្បីស្វែងយល់អំពីការរៀបចំនិងដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុង​របបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

ក្នុងជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយា​ល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន​ដែល​បានជួយ​ដល់​ប្រទេសកម្ពុជា​ក្នុងនាម​ជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបាន ជួយប្រទេសកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍជាតិឡើងវិញ ហើយជាពិសេសគឺការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនចំពោះដំណើរការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនាំយកយុត្តិធម៌ និងការពិតជូន ដល់ជនរងគ្រោះ។

ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា៖ «ការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហមនាំយកអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំជម្រះក្តី គឺពិតជាមានសារៈសំខាន់ និងបានចូលរួមក្នុងដំណើរការនាំ យកយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាបានចូលរួមក្នុងការផ្សះផ្សាជាតិ និងពង្រឹងសន្តិភាពនៅកម្ពុជា​»​។ ជាមួយគ្នានេះ ឯកឧត្តម ក្រាញ់ តូនី បានជម្រាបជូនឯកអគ្គរដ្ឋទូតជប៉ុនអំពីការវិវឌ្ឍន៍ថ្មីរបស់សាលាក្តីខ្មែរក្រហមទាំងផ្នែកដំណើរការសំណុំរឿង ផ្នែកហិរញ្ញវត្ថុ និងការងារផ្សព្វផ្សាយអំពីដំណើរការតុលាការទៅកាន់សាធារណជន។ ការងារផ្សព្វផ្សាយដែលរហូតមកទល់ពេលនេះសាលាក្តីខ្មែរក្រហមបានទទួលជោគជ័យយ៉ាងខ្លាំងដោយបានធ្វើការផ្សព្វផ្សាយទាំងក្នុងនិងក្រៅតុលាការ ហើយមានសាធារណ​ជនជិត ៧ សែន នាក់ទទួលបានផលប្រយោជន៍ពីការងារផ្សព្វផ្សាយនេះ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានចូលរួមបំពេញការងារបានយ៉ាងល្អហើយតុលា ការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះមិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបប ខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរការសន្តិភាពសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមបានគូបញ្ជាក់ថា ប្រទេសជប៉ុននៅតែបន្តគាំទ្រដំណើរការសាលាក្តីខ្មែរក្រហមនេះ និងខិតខំប្រឹងប្រែង ផ្តល់ការគាំទ្រថវិកាបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងថាសាលាក្តីខ្មែរក្រហមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកបានដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងអតីតកលានៃរបប ខ្មែរក្រហម។ ឯក​ឧត្តមបានថ្លែងថាបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាគឺដើម្បីបន្តពង្រឹងកាន់តែខ្លាំងថែម ទៀត​នូវកិច្ចសហប្រតិបត្តិការការទូតរវាងជប៉ុននិងកម្ពុជា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងសាលាក្តី ខ្មែរក្រហមក៏ជាកិច្ចការមួយដែលសំខាន់ផងដែរ។ ជប៉ុនក៏បានគាំទ្រលើដំណើរការរបស់មជ្ឈ​មណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (LDC) ផងដែរ​។

គិតរហូតមកដល់ខែមីនា ឆ្នាំ២០១៩ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានទទួលថវិកាវិភាគ​ទាន ពីបណ្តាប្រទេសផ្តល់ជំនួយ មានចំនួនសរុបជិត ៣០៣,៥ លានដុល្លាអាមេរិក ក្នុងនោះ ថវិកាចំនួន ​២២១,៤ លានដុល្លាអាមេរិក សម្រាប់ភាគីអន្តរជាតិ និង ៨២,១ លានដុល្លាអាមេរិក សម្រាប់​ភាគីជាតិនៃ អ.វ.ត.ក។ ប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេរបស់សាលាក្តីខ្មែរក្រហមដែលបានផ្តល់វិភាគ​ទានថវិកាចំនួនជាង ៨៧ លានដុល្លាអាមេរិកដល់សាលាក្តីខ្មែរក្រហមក្នុងនោះជាង ៧១លានដុល្លារអាមេរិកជូនដល់ភាគីអន្តរជាតិ និងជាង១៦លានដុល្លារអាមេរិកផ្តល់ដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកថវិកាជាសាច់ប្រាក់សរុបជិត ៣៣ លានដុល្លាអាមេរិក ដែលក្លាយជាអ្នកផ្តល់ថវិកាច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសជប៉ុន។ បើគិតរួមទាំងការផ្តល់ជាសម្ភារ រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកមានទឹកប្រាក់សរុបចំនួនប្រមាណ៥០លានដុល្លាអាមេរិក)។ សម្រាប់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាចំនួន ៣,៩ លានដុល្លាអាមេរិក ដែលស្មើនឹង៧២% នៃគម្រោងថវិកាដែលបានអនុម័តចំនួន៥,៤លានដុល្លាអាមេរិក សម្រាប់ភាគីជាតិនៃអ.វ.ត.ក។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ទ្រទ្រង់១០០%នៃចំណាយប្រតិបត្តិការទូទៅរបស់ អ.វ.ត.ក និងចេញប្រាក់ខែបុគ្គលិកជាតិយ៉ាងតិច៦ខែ។

គួរជម្រាបដែរថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ផ្តើមដំណើរការពីដើមខែកុម្ភៈ ឆ្នាំ ២០០៦ ហើយរហូតមកទល់នឹងឆ្នាំ ២០១៩ នេះមានសំណុំរឿង ៤ ចំពោះមុខដែលក្នុងនោះ សំណុំរឿង ០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែងត្រូវបានបិទបញ្ចប់ទាំងស្រុងជាមួយការផ្តន្ទាទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២/០១ ប្រឆាំងនឹងនួន ជា និងខៀវ សំផន អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំដោយតុលា​ការកំពូលសម្រេច ផ្តន្ទាទោស នួន ជា និងខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២/​០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយបច្ចុប្បន្ន ខៀវ សំផនកំពុងបន្តនីតិវិធីបណ្តឹងសាទុក្ខប្រឆាំងសាលក្រមសំណុំរឿង ០០២/០១ ខណៈ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្រោយពី ជនជាប់ចោទ នួន ជា ទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com