ប្រជាជន​ចាស់ នៅ​កម្ពុជា នឹង​កើន​ដល់ ១១,៥% នៃ​ចំនួន​ប្រជាជន​សរុប នៅ​ឆ្នាំ​២០៣០

(​ភ្នំពេញ​)៖ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ប្រជាជន វ័យចាស់ គឺជា​ការប្រែប្រួល​ប្រជាសាស្ត្រ​នា​ចុង​អន្តរកាល​ប្រជាសាស្ត្រ ដែល​សមាមាត្រ​ប្រជាជន​វ័យចាស់ អាយុ ៦០​ឆ្នាំ​ឡើង កើនឡើង​យ៉ាង​លឿន នៅពេលដែល​ប្រជាជន ក្នុង​វ័យ​កំពុងធ្វើការ​ងារ​បច្ចុប្បន្ន​ចាប់ផ្តើម​ចូលនិវត្តន៍ គួបផ្សំ​នឹង​ការ​មានកូន​តិច និង​ការកើនឡើង នៃ​អាយុកាល​សង្ឃឹម​រស់​។​

​យោងតាម​ការអង្កេតរ​បស់​ក្រសួងផែនការ ប្រជាជន​វ័យចាស់​នៅ​កម្ពុជា មាន​ចំនួន ៥​ភាគរយ នៅ​ឆ្នាំ ១៩៩៨ ចំនួន ៦​ភាគរយ នៅ​ឆ្នាំ​២០០៨ ចំនួន ៧,៦​ភាគរយ នៅ​ឆ្នាំ​២០១៨ និង​ឈានទៅ ៩,៣ ភាគរយ នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០៣០ មាន ១១,៥ ភាគរយ​។​

​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ បាន​មានប្រសាសន៍ថា ដំណើរ​ឆ្ពោះទៅរក​ប្រជាជន​វ័យចាស់ ជា​បាតុភូត​ប្រជាសាស្ត្រ​មួយ ដែល​ប្រទេស​អភិវឌ្ឍន៍​លើ​ពិភពលោក បាន​ឆ្លងកាត់ និង​ដែល​ប្រទេស កំពុងអភិវឌ្ឍន៍​ជាច្រើន ចាប់ផ្តើម​ជួប រួមទាំង​កម្ពុជា​ផង​។​

លោក​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា បាតុភូត​នេះ មិន​ត្រឹមតែ​ជះឥទ្ធិពល​ទៅលើ​មនុស្ស​វ័យចាស់​ខ្លួនឯង​ទេ ប៉ុន្តែ​ថែមទាំង​ជះឥទ្ធិពល​ទៅលើ​គ្រប់​វិស័យ​ទាំងអស់ នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ​ទាំងមូល ដោយហេតុថា​វ័យចាស់ ជា​វ័យ​ដែល​ភាព​សកម្ម​សេដ្ឋកិច្ច​ចាប់ផ្តើម​ថយចុះ​ឆ្ពោះទៅរក​ចំណុច​អប្បបរមា ស្រប​ពេលដែល​តម្រូវកា​រ​ការផ្គត់ផ្គង់ និង​ការថែទាំ​ចាប់ផ្តើម​កើនឡើង​ឆ្ពោះទៅរក​ចំណុច​អតិបរមា​។ ការ​ឈានចូល​វ័យចាស់​ប្រកបដោយ​សក្តានុពល គឺជា​ភាគលាភ​ប្រជាសាស្ត្រ​ទី​២ ដែល​ក្នុងស្ថានភាព​នោះ មនុស្ស​ចាស់​ជា​ធនធាន​បង្គោល​ជាជាង​បន្ទុក​។​

លោក​បាន​ថ្លែងថា មូលហេតុ​នេះហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​គោ​លន​យោបាយ​ជាតិ​ស្តីពី មនុស្ស​វ័យចាស់ ២០១៧-២០៣០ ដោយ​ឈរលើ​មូលដ្ឋានចំនួន​មួយ​នៃ គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-២០៣០ ដែលជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់​មួយ​សំដៅ​ត្រៀម និង​រៀបចំ​ដោះស្រាយ​បញ្ហា​ដែល​កំពុង និង​ដែល​នឹង​កើតមាន និង​ផ្តល់​ការតម្រង់ទិស​ដល់​វ័យ សកម្ម​ការងារ​អំពី​ដំណើរ​ឈានទៅរក​វ័យចាស់ ប្រកបដោយ​សក្តានុពល​នៅ​កម្ពុជា​។​

​កម្ពុជា​បានចាប់ផ្តើម​រៀបចំ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​២០១៧-២០៣០ ក្នុង​គោលបំណង​ដើម្បី​ជាការ​ត្រៀមលក្ខណៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​របស់​មនុ​ស្សវ័យ​ចាស់​ដែល​បាន និង​កំពុង​ជួបប្រទះ​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ចក្ខុវិស័យ និង​គោលដៅ​នៃ​គោល​នយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ ចាស់ ២០១៧-២០៣០ គឺជា​ការបន្ត​លើកកម្ពស់ និង​កែលម្អ​គុណភាព​ជីវិត​របស់​មនុស្ស​ចាស់ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការធានា​ឱ្យ​មនុស្ស​ចាស់​ទទួលបាន​នូវ​សិទ្ធិ និង​ឱកាស​ស្នើ​គ្មា​, ចូលរួម​យ៉ាង​ពេញលេញ​ដោយ​សេរី និង​ដោយ​សេចក្តី ថ្លៃថ្នូរ នៅក្នុង​សកម្មភាព​គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និង​នយោបាយ ជាដើម​។​

គោលនយោបាយ​នេះ បានកំណត់​ការងារ​អាទិភាព​សំខាន់ៗ ដូចតទៅ​៖ (១)​សន្តិសុខ​ហិរញ្ញវត្ថុ​, (២) សុខភាព និង​សុខមាលភាព​, (៣) បង្កើន​ការយល់ដឹង​អំពី​របៀប​រប​បការរ​ស់​នៅ​, (៤) បង្កើត​បរិស្ថាន​អំណោយផល​, (៥) គាំទ្រ​ឱ្យមាន​ការបង្កើត​សមាគម​មនុស្ស​ចាស់ និង​វ័យចាស់​សកម្ម​, (៦) ទំនាក់​ទំនង​អន្តរ​ជំនាន់​, (៧) ទប់ស្កាត់​ការរំលោភបំពាន ការមិន​អើពើ និង​អំពើហិង្សា​លើ​មនុស្ស​ចាស់​, (៨) ការជួយ​ក្នុងស្ថានភាព​មាន​អាសន្ន និង​(៩) ការត្រៀមខ្លួន​របស់​ម​នុស្ស​វ័យក្មេង​សម្រាប់​ការ​ឈានចូល​វ័យចាស់​។​

​លទ្ធផល​បណ្តោះអាសន្ន​ជំរឿន​ប្រជាជន​របស់​ក្រសួងផែនការ បាន​បង្ហាញថា ចំនួន​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស គិត​ត្រឹម​ឆ្នាំ ២០១៩​នេះ មាន​ប្រមាណ ១៥,២​លាន​នាក់ ដែល​ក្នុងនោះ មាន​ប្រុស ៧,៤១​លាន​នាក់ និង​ស្រី​ចំនួន ៧,៨៦​លាន​នាក់​។ ក្នុងនោះ ចំនួន​យុវជន​មាន​ប្រមាណ​ជាង ៧០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។​

គួរ​បញ្ជាក់ថា ក្នុង​ស្មារតី​ជំរុញឱ្យមាន​ការគិតគូ​រ​ដល់​មនុស្ស​ចាស់ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​អនុក្រឹត្យ​លេខ​៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​គណៈកម្មា​ធិកា​រ​ជាតិ​កម្ពុជា រៀបចំ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ និង​ជួយ​ជន​ចាស់ជរា​ដែលមាន សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ជា​ប្រធាន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com