៨​ខែ​ឆ្នាំនេះ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​តម្លៃ​ជាង ៦​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ២​ពាន់​លាន​ដុល្លារ​

(​ភ្នំពេញ​)៖ ​វិនិយោគិន​ជាតិ និង​អន្តរជាតិ នៅតែ​បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ការបណ្តាក់ទុន​វិនិយោគ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពួក​ផ្តោត​សំខាន់​ទៅលើ​អ្វីដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​កំពុង មាន គឺ សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពរឹងមាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច បើទោះបី​សហ​ភា ព​អឺរ៉ុប​បានបញ្ចប់​ដំណើរការ​នីតិវិធី​ពី​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​ក៏ដោយ​។​

​យ៉ាងណាមិញ ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ ២០១៩​នេះ ប្រទេស​កម្ពុជា បានទទួល​គម្រោង​វិនិយោគ ចំនួន ២២២​គម្រោង ដែល​ត្រូវអនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) មានតម្លៃ​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ បាន​កើនឡើង ៨១​គម្រោង ក្នុងតម្លៃ​ទឹកប្រាក់​ប្រ មាណ ១,៨៨​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨​។​

CDC បង្ហាញ​របាយការណ៍​ទៀតថា ៨​ខែ​ដើមឆ្នាំ ២០១៩ ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង ខណៈ​ទុនវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​កើន​ឡើងជា​គំហុក​ប្រមាណ​ជាង ៩៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក តួលេខ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ មានការ​ថយចុះ​។​

​លោក ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ថា ឈរលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព និង​ស្ថិរភាព​ន យោ​បាយ​យ៉ាងរឹងមាំ ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់ ៧,៧% ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥​។​

​លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ រួមទាំង​អ្នកវិនិយោគ​ក្នុងស្រុក​។ ច្បាប់​វិនិយោគ​របស់​កម្ពុជា ពុំមាន​ការរើសអើង​សម្រាប់​កា​រវិ​និ យោគ​នៅ​កម្ពុជា និង​ផ្តល់នូវ​ប្រព្រឹត្ត​កម្ម​ដូចគ្នា​ទាំងអស់​។ កត្តា​ទាំងនេះហើយ ដែល​បណ្តាល​ឲ្យ​កម្ពុ​ជាមាន​ភាព​ទាក់ទាញ ទទួលបាន​គម្រោង​វិនិយោគ​មកពី​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ​ការវិនិយោគ​ចិន​មាន​ភាព​លេចធ្លោ​ជាងគេ​នៅក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ចាប់ពី​ឆ្នាំ​២០១៦ រហូតមកដល់​ខែសីហា ឆ្នាំ​២០១៩ ដែល​ការវិនិយោគ​ទាំងនេះ ពុំ​ផ្តោត​តែ​លើ​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​កាបូប​នោះទេ​។​

​លោក​បាន​បន្តថា ការវិនិយោគ​នេះ បាន​គ្របដណ្តប់​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤, គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​។​

​បើ​ពិនិត្យ​ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​តាម​ប្រទេស​នីមួយៗ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ខែសីហា ឆ្នាំ​២០១៩ សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ផ្ទា​ល់ពី​បរទេស​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយបាន​ចូលរួមចំណែក​ប្រមាណ ៥៦% នៃ​ទុនវិនិយោគ​សរុប ក្នុងនោះ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទីមួយ ដែលមាន​ទុនវិនិយោគ​ប្រមាណ ៧,៩​ពាន់​លាន​ដុល្លារ ស្មើនឹង ៣៥% នៃ​ទុនវិនិយោគ​សរុប បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន ដែលមាន​ប្រមាណ ៨%​។ ដោយឡែក​ទុនវិនិយោគ​ក្នុងស្រុក បាន​បន្ត​ឈរ​នៅ​លំដាប់​លេខ​១ ដែលមាន​ទុនវិនិយោគ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ៤៤,៧% នៃ​ទុនវិនិយោគ​សរុប​។​

​តាម CDC ​​គម្រោង​វិនិយោគ​ធំៗ​របស់​ចិន​ ក្នុងអំឡុងពេល​ចុងក្រោយ​នេះ មានដូចជា ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​បម្រើ​ដល់​ការតភ្ជាប់ ដូចជា​ការវិនិយោគ​លើ​ការសាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ចំនួន ៧​កន្លែង និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម និង​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែលមាន​សមត្ថភាព​ផលិត​សរុប​រហូតដល់ ១៨៥០​មេ​ហ្គា​វ៉ា​ត់​, ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប និង​នៅ​ខេត្តកោះកុង​, និង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ជាដើម​។​

​បច្ចុប្បន្ន រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កំពុងធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ ក៏បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ដោយបាន​កប់​ខ្សែកាប​អុ​ប​ទិ​ក​នៅក្រោម​ដី​ប្រវែង​ជាង ២​ម៉ឺន​គីឡូម៉ែត្រ និង​ខ្សែកាប​អុ​ប​ទិ​ក​នៅក្រោម​បាតសមុទ្រ ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទូរគមនាគមន៍​ពី​កម្ពុជា​ទៅក្នុង​តំបន់ និង​ពិភពលោក​។​

​ការវិនិយោគ​របស់​ចិន​ទាំងអស់នេះ បាន​ចូលរួម​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​ក៏បានផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ បាន​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​កសាង​ដោយ​ក្រុមហ៊ុន​ចិន​សម្រាប់​ដំណើរការ​ធុរកិច្ច និង​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ចិន​បាន​នាំមក​នូវ​ឧស្សាហកម្ម​ថ្មីៗ​បន្ថែមទៀត ក្រៅពី​វិស័យ​កាត់ដេរ និង​ស្បែកជើង មាន​ជាអាទិ៍ ឧស្សាហកម្ម​ផលិត​កង់ ផលិត​គ្រឿង​សង្ហា​រឹម ផលិត​នូវ​សម្ភារៈ​សម្រាប់​តាំង​លម្អ​បុណ្យ គ្រី​ស​ម៉ាស និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​។​

តាម​របាយការណ៍​នៃ​គម្រោង​វិនិយោគ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការវិនិយោគ​បាន​រីកសាយ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ស្ទើរតែ​ទូទាំងប្រទេស ជាពិសេស​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តតាកែវ បាន​ក្លាយជា​គោលដៅ​វិនិយោគ​ថ្មី​ប្រកបដោយ​សក្តានុពល​ផងដែរ ដោយ​គម្រោង​វិនិយោគ​ក្នុង​ខេត្ត​ទាំងនោះ​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់ ដោយសារតែ​ភាពប្រសើរឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ដូចជា ផ្លូវថ្នល់ និង​បណ្តាញ​អគ្គិសនី ជាដើម​។​

​យោងតាម CDC គិត​ត្រឹម ខែសីហា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន ៨៣១​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ២២,៥​ពាន់​លាន​ដុល្លារ​។ ជាការ​កត់សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សកម្មភាព​វិនិយោគ​មានការ​កើនឡើង​ជា​លំ ដាប់​រៀង​គ្នា ទាំង​ចំនួន​គម្រោង ទាំង​ទុនវិនិយោគ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com