តុលាការ ខេត្តកំពង់ធំ ដោះលែងឈ្មោះ រស់ គឹមសៀង ក្រោយសារភាពពីកំហុស ដែលរួមគំនិតក្បត់ ជាមួយក្រុមឧទ្ទាម សម រង្ស៊ី
(កំពង់ធំ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ រស់ គឹមសៀង ដែលត្រូវតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចដោះលែងជនត្រូវចោទឈ្មោះ រស់ គឹមសៀង បានធ្វើឡើង បន្ទាប់ពីរូបគេព្រមចូលឆ្លើយបំភ្លឺការពិតអំពីផែនការសកម្មភាពខុសច្បាប់របស់ខ្លួន និងបានទទួលស្គាល់នូវកំហុស នាពេលកន្លងមក គឺដោយសារតែចាញ់បោកការឃោសនារបស់ឧក្រិដ្ឋជន សម រង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅប្រទេស។
ជាមួយគ្នានេះ ជនត្រូវចោទ រស់ គឹមសៀង ក៏បានសារភាពប្រាប់តុលាការអំពីក្រុមមេក្លោង រៀបចំគម្រោងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជា នៅឯប្រទេសម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា ជនត្រូវចោទឈ្មោះ រស់ គឹមសៀង ត្រូវតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបគេចូលរួម ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី នឹងបក្ខពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ អតីតចៅសង្កាត់ផ្សារដេប៉ូ ទី២ ក្នុងរាជធានីភ្នំពេញ អ្នកស្រី សេង សុខុន បានចូលសារភាព ហើយតុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចមិនឃុំខ្លួនស្ត្រីអតីតចៅសង្កាត់ មកពីអតីតគណបក្សសង្គ្រោះជាតិនេះផងដែរ។
គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់ មានអតីតសកម្មជន និងអតីតថ្នាក់ដឹកនាំតាមខេត្តរាជធានីរបស់អតីតគណបក្សសង្គ្រោះជាតិ ប្រមាណ ៨នាក់ ត្រូវបានចាប់ឃុំខ្លួន តាមដីការបស់តុលាការ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ខណៈដែលអតីតថ្នាក់ដឹកនាំកំពូល និងអតីតសកម្មជន ថ្នាក់ដឹកនាំតាមរាជធានីខេត្ត ជាង ៣០នាក់ ត្រូវបានតុលាការ ចោទប្រកាន់ និងចេញដីកាចាប់ខ្លួន ពីបទ ឧបឃាត និងបទ រួមគំនិតក្បត់ ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាល តាមការអំពាវនាវរបស់មេឧក្រិដ្ឋជន សមរង្ស៊ី តាមរយៈការប្រកាសគម្រោងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕(ឡុក សំរិត)

