គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម ច្បាប់​សហជីព​

(​ភ្នំពេញ​)៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​។​

​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព មាន​ខ្លឹមសារ​សង្ខេប ដូចខាងក្រោម​៖

​ក​. សារបាន​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​៖
​ច្បាប់​ស្តីពី​សហជីព គឺជា​ច្បាប់​ដ៏​មាន​សារសំខាន់ ក្នុង​ការធានា​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​ការងារ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តីពី​សេ​ភាព​នៃ​សមាគម និង​ការពារ​សិ​ទិ្ធ​នៃ​ការបង្កើត​សមាគម និង​លេខ​៩៨ ស្តីពី​សិទ្ធិ​នៃ​ការបង្កើត​សមាគម និង​សិទ្ធិ​នៃ​ការចរចា​ជា​សមូហភាព ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ។ ការបន្ត​ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​អធិការកិច្ច​ការងារ​បា​ន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធានា​ភាពសុខដុមរមនា​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការលើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ នៅ​កម្ពុជា ។​

​ទន្ទឹមនឹង​វឌ្ឍន​ភាពជា​វិជ្ជមាន​នេះ ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​ដោយ​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន មាន​សំណូមពរ​របស់​សហជីព និយោជក អង្គការ ILO និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ស្នើសុំ​ធ្វើ​វិសោធនកម្ម​ទៅលើ​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្តីពី​សហជីព ក្នុង​គោល​បំណង​សម្រួល​ដល់​ការអនុវត្ត​សិទ្ធិ​និង​សេរីភាព​ក្នុងការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការវិវឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន ។

ក្រសួង​បានរៀបចំ​ធ្វើ​វិសោធនកម្ម នៃ​ច្បាប់​ស្តីពី​សហជីព​រួចមក ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ត្រីភាគី និង​អង្គការ ILO រួមទាំង​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន​១០ រួមមាន មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព សំដៅ​ធានា​អនុលោមភាព​កាន់តែ​ប្រសើរឡើង​តាម​បទ​ដា្ឋ​ន​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ។​

​ខ​. គោលបំណង​នៃ​សេចក្តីព្រាងច្បាប់​
​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​រៀបចំឡើង​ដើម្បី​កែសម្រួល​ប​ញ្ញ​តិ​មាត្រា​ចំនួន​១០ នៃ​ច្បាប់​ស្តីពី​សហជីព ក្នុង​គោលបំណង​៖

– លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​របស់​អ្នកបម្រើ​ក្នុងផ្ទះ ដោយ​ធ្វើការ​រំលេច​ពាក្យ​នេះ​ឲ្យ ឃើញច្បាស់​នៅក្នុង​មាត្រា​៣(​ថ្មី​)

– សម្រួល​នីតិវិធី​នៃ​ការចុះបញ្ជី​សហជីព ដែល​បញ្ញត្តិ​ក្នុង​មាត្រា​២០(​ថ្មី​) និង​មាត្រា​២១(​ថ្មី​) ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​សេចក្តីប្រកាស​ផ្ទាល់ខ្លួន​ថា​មាន​កម្រិតវប្បធម៌​យ៉ាងហោចណាស់​ចេះ​អាន ចេះ​សរសេរ​អក្សរ​ខែ្មរ និង​មិន​ធ្លាប់​ទទួល​ការផ្តន្ទាទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ ចំពោះ​កម្មករនិយោជិត​ខែ្មរ និង មិន​តម្រូវ​ឲ្យ​ធ្វើ​សេចក្តី​ប្រកាសថា​មិន​ធ្លាប់​ទទួល​ផ្តន្ទាទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ ចំពោះ​កម្មករនិយោជិត​ជា​ជនបរទេស និង​និយោជក ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​គ្រប់គ្រង និង​អ្នកទទួលខុសត្រូវ​កិច្ចការរដ្ឋបាល នៃ​អង្គការ​វិជ្ជាជីវៈ​

– សម្រួល​នីតិវិធី​នៃ​ការរក្សា​បញ្ជី​កា ដោយ​មិន​តម្រូវ​ឲ្យ​សហជីព​ចម្លង​របាយការណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុ​ជន​ក្រសួង​ទទួលបន្ទុក​វិស័យ​ការងារ ប៉ុន្តែ​មាន​កាតព្វកិច្ច​ធ្វើ​សវនកម្ម​របាយការណ៍​ទាំងនេះ ក្នុងករណី​មានការ​ស្នើសុំ​ពី​សមាជិក​មួយចំនួន ឬ​ម្ចាស់ជំនួយ​ណាមួយ ដូច​មានកំណត់​ក្នុង​មាត្រា​១៧(​ថ្មី​) និង​មាត្រា​២៧(​ថ្មី​) និង​កែសម្រួល​នីតិវិធី​និង​មូលហេតុ​ក្នុងការ​រំលាយ​អង្គកា​រវិ​ជា្ជ​ជីវៈ ដោយ​បញ្ជាក់​លក្ខខណ្ឌ​ថា​សហជីព​មួយ​ត្រូវបាន​រលាយ​ដោយ​ស្វ័យប្រវត្តិ ក្នុងករណី​ដែល​សហគ្រាស ឬ​ករណី​ដែល​សហគ្រាស ឬ​គ្រឹះ​សា្ថ​ន​ត្រូវបាន​បិទ​លែង​ដំណើរ​ការងារ​ជា​ស្ថាពរ និង​បាន​ទូទាត់​ជា​ស្ថាពរ​នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករនិយោជិត​៤ ដូច​កំណត់​ក្នុង​មាត្រា​២៨(​ថ្មី​) និង​លុបចោល​ចំណុច “​គ​. អ្នកដឹកនាំ​គ្រប់គ្រង និង​អ្នកទទួលខុសត្រូវ​កិច្ចការរដ្ឋបាល ត្រូវបាន​រកឃើញថា​មាន​កំហុស​ធ្ងន់​ក្នុងការ​ប្រព្រឹត្ត​លើ្ម​ស​ក្នុងនាម​សហជីព ឬ​សមាគម​និយោជក​” ដូច​មានចែង​ក្នុង​មាត្រា​២៩(​ថ្មី​)

– សម្រួល​លក្ខខណ្ឌ​ក្នុងការ​ស្មើ​សុំ​ទទួលស្គាល់​ភាពជា​តំណាង​បំផុត ដោយ​ជំនួស​ការផ្តល់ “​បណ្ណ​សម្គាល់​សមាជិក​ត្រឹមត្រូវ​” ដោយ​ការផ្តល់​ត្រឹមតែ “​បញ្ជី​សមាជិក​ដែល​បាន​កាត់​ប្រាក់​ភាគទាន​” ដូច​មានកំណត់​ក្នុង​មាត្រា​៥៤(​ថ្មី​) និង​មាត្រា​៥៥(​ថ្មី​) និង​

– លើកកម្ពស់​សិទ្ធិ និង​តួនាទី​របស់​សហជីព ដែលមាន​សមាជិក​ភាគតិច​ឲ្យ​កាន់តែ​ច្បាស់លាស់​ដោយ​បន្ថែម ចំណុច “​ឈ​. ការធ្វើជា​តំណាង​សមាជិក​របស់ខ្លួន​នៅក្នុង​ការដោះស្រាយ​វិវាទ​ការងារ​រួម ដែល​មិនកើត​ចេញពី​ការអនុវត្ត​អនុសញ្ញា​រួម​” ដូច​ក្នុង​មាត្រា​៥៩(​ថ្មី​) ។​
​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព គឺជា​សមិទ្ធផល​គតិយុត្តិ​ថ្មី​មួយទៀត ក្នុងការ​ចូលរួម​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា និង​ដើម្បី​បង្ហាញ​អំពី​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ស្របតាម​បទដ្ឋាន​អន្តរជាតិ ។​

​គ​. ដំណើរការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​
​សេចក្តីព្រាង​នេះ បាន​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ចំនួន ៦​លើក សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ​ចំនួន ២​លើក ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ ILO កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ចំនួន​២​លើក​, និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២៧ ដោយបាន​ពិភាក្សា​យ៉ាង​លម្អិត​លើ​មាត្រា​នីមួយៗ និង​បាន​ឯកភាព​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​។​

ឃ​. ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​
​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​មាន ២​មាត្រា គឺ​៖
– មាត្រាមួយ ចែង​អំពី​ការធ្វើ​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​
– មាត្រា​ពីរ ចែង​អំពី​ការអនុវត្ត​ច្បាប់​នេះ​ជាការ​ប្រញាប់ ។​

​សេចក្តីព្រាងច្បាប់​នេះ មាន​សារសំខាន់​ចំពោះ​ការធានា​សិទ្ធិ​អង្គការ​វិជ្ជាជីវៈ ដែលជា​ចំណុច​ស្នូល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅនឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង ទាក់ទាញ​វិនិយោគ និង​បង្កើត​ការងារ​ជូន​កម្មករនិយោជិត ។ សេចក្តីព្រាងច្បាប់​នេះ បានទទួល​បានការ​គាំទ្រ ​និង​ស្វាគមន៍​ពី​ដៃគូ​សង្គម និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​កម្ពុជា៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង