ក្រុមការងារ​សុវត្ថិភាព​​ចរាចរណ៍​​ផ្លូវគោក ​សម្រាប់​​គាំពារ​កម្មករ​និយោជិត ​​បង្ហាញ​ពី​លទ្ធផល​ការងារ​សម្រេចបាន​ក្នុង​នព្វ​មាស ឆ្នាំ​២០១៩ និង​ខិតខំ​បន្ត​កិច្ចការ​របស់ខ្លួន​បន្ថែ​មទៀត​ ដើម្បី​រួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) ក្នុង​កិច្ចប្រជុំ​លទ្ធផល​ការងារ​សម្រេច​បាន​​ក្នុង​នព្វ​មាស ( ៩ខែ ) ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​អនុវត្តន៍​បន្ត របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​នៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នៅ​សាលប្រជុំ ប​.​ស​.​ស​.​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​មិញ​នេះ បាន​ថ្លែងថា​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល បើទោះបី​មានការ​សហការ​រវាង​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) ជាមួយនឹង​ក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ច​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករនិយោជិត​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ប្រឡង​យក​បណ្ណ​បើកបរ​នៅក្នុង​នព្វ​មាស ឆ្នាំ​២០១៩ នេះ​យ៉ាងណាក៏ដោយ ។

ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែង​បន្តទៀតថា​​ ក្នុងការ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព “ សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក ចំពោះ​កម្មករនិយោជិត​” ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ច​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដែលជា​ដៃគូ​សហការ ត្រូវតែ​បង្កើន​នូវ​កិច្ចសហការ​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្តទៀត ​ធ្វើយ៉ាងណា ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត ។​

បើ​យោងតាម​របាយការណ៍ បាន​បង្ហាញថា៖ ​ក្នុង​នព្វ​មាស ឆ្នាំ​២០១៩​នេះ​ ក្រុមការងារ​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក​ សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​)​បាន​៖
– ប្រជុំ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ ​ស្តីពី ​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​កម្មករនិយោជិត​បា​ន​ចំនួន ២៤៣​លើក​អ្នកចូលរួម​សរុប​ចំនួន ១៦ ៣១២​នាក់
– រៀបចំ​ការប្រឡង​យក​បណ្ណ​បើកបរ ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​បាន​ចំនួន ២៣​លើក អ្នកចូលរួម​សរុប​ចំនួន ១ ២១៦​នាក់ ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន ១ ០៧៤​នាក់ (​ប្រភេទ “​ខ​”​ចំនួន ៥៧២​បណ្ណ ជាប់​ចំនួន ៤៩៥​បណ្ណ និង​ប្រភេទ “​ឃ​២”​ចំនួន ៦៤៤​បណ្ណ ជាប់​ចំនួន ៥៧៩​បណ្ណ​)
– ចែក​បណ្ណ​បើកបរ ជូន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត បាន​ចំនួន ២០​លើក អ្នកទទួល​បណ្ណ​បើកបរ​ចំនួន ១ ២៦២​នាក់ (​ប្រភេទ “​ខ​” ចំនួន ៥៤៥​បណ្ណ និង​ប្រភេទ “​ឃ​២” ចំនួន ៧១៧​បណ្ណ​
– រៀបចំ​ផលិត​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ជូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត បាន​ចំនួន ៣ ០៥៦​បណ្ណ​
– ចែក​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត បាន​ចំនួន ១៨​លើក អ្នកទទួល​បណ្ណ​ចំនួន ៨៧៨​បណ្ណ

សូមបញ្ជាក់ថា​៖ កិច្ចប្រជុំ​ខាងលើនេះ ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​ពេញ​មួយ​ព្រឹក​ ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និង​ជា​សមាជិក ​ដែលជាក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សម្រាប់​គាំពារ​កម្មករនិយោជិត៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com