មេទាហានពីរនាក់ ត្រូវបានប្តូរចេញពីស្រុកអង្គរបុរី ខេត្តតាកែវ ប៉ុន្តែរក្សាទុកមេទាហានពូកែខាងឆ្វៀលដីបន្ទាយ យកជាកម្មសិទ្ធិឯកជន

(តាកែវ)៖ មេទានហ៊ានសកម្មពីរនាក់ ប្រចាំតំបន់សឹករងស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានផ្លាស់ប្ដូរឲ្យទៅកាន់ស្រុកផ្សេង បន្ទាប់កើតរឿងមិនទុកចិត្តផ្ទៃក្នុង ដែលមានរឿងជាបន្តបន្ទាប់ពាក់ពន្ធ័ករណីឆ្វៀលដីបន្ទាយ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក ប្រាក់ សុភា និងលោក ហ៊ួន ថន មេបញ្ជាការរងតំបន់ប្រត្តិបត្រការសឹករងស្រុកអង្គរបុរី ត្រូវបានលោក នាង សុភារ៉ា មេបញ្ជាការតំបន់ប្រត្តិបត្រការសឹករងខេត្តតាកែវ ផ្លាស់ប្ដូរឲ្យទៅស្រុកផ្សេង ចំណែកលោក គឹម ហាន មេបញ្ជាការរងតំបន់ប្រត្តិបត្រការសឹករងស្រុកអង្គរបុរី ដែលជាអ្នកឆ្វៀលដីបន្ទាយសង់អគារដែក ដើម្បីយកធ្វើជាកម្មសិទ្ធ លោក គឹម ហឿន មេបញ្ជាការរងតំបន់សឹករងស្រុកអង្គរបុរី ដែលត្រូវជាបងប្រុសបង្កើតលោក គឹម ហាន ហើយមិនដែលចូលបន្ទាយសោះ និងលោក អ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរី ដែលជាមេគំនិតកាត់ឆ្វៀលដីបន្ទាយ ត្រូវបានរក្សាឲ្យមានតួនាទីនៅក្នុងអង្គភាពដដែល។

ពាក់ពន្ធ័ករណីនេះ ត្រូវបានមហាជនលើកឡើងថា ពិតជារឿងអយុត្តិធម៌ណាស់ ដែលមានមេបញ្ជាការមិនបានបែងចែកខុសត្រូវ បែរជាកូនចៅមិនមានកំហុសត្រូវបានពិន័យ ចំណែកកូនចៅជាអ្នកលួចយកដីបន្ទាយត្រូវរួចខ្លូន។

សូមរំឭកថា កាលពីសប្តាហ៍មុន ក្រុមកូនទាហាននៅក្នុងបន្ទាយផ្នែកសឹករងស្រុកអង្គបុរី បានឲ្យដឹងថា លោក អ៊ូច យី មេបញ្ជាការតំបន់ប្រតបត្តិការសឹករងស្រុកអង្គរបុរី បានចេញមុខសារភាពនៅចំពោះពួកគេថា លោកមេបញ្ជាការរូបនេះទទួលបានប្រាក់ត្រឹម២០០០ដុល្លារប៉ុណ្ណោះ ពីការកាត់ដីបន្ទាយចេញពីប្លង់ដើម។

ក្រុមកូនទាហាន ដែលបានស្តាប់សម្តីសារភាពពីមេបញ្ជាការរបស់ខ្លួន បានអះអាងថា លោក អ៊ូច យី បានប្រាប់ពួកគេនៅក្នុងបន្ទាយសឹករងស្រុកតែម្តង បន្ទាប់ពីបែកធ្លាយករណីកាត់ដីបន្ទាយធ្វើតូបដោយខុសច្បាប់ ដើម្បីជួលឲ្យអាជីវករ។

លោក អ៊ូច យី បានបញ្ជាក់ថា «សូមបងប្អូនកុំយល់ច្រឡំថា ខ្ញុំបានលុយពីដីឆ្វៀលបន្ទាយនេះច្រើនឲ្យសោះ គឺខ្ញុំបានតែ២០០០ដុល្លាទេ ពីលោក គឹម ហាន ដែលជាម្ចាស់សំណង់អគារដែក ហើយលុយ២០០០ដុល្លានេះ ខ្ញំមិនបានយកទៅផ្ទះទេ គឺខ្ញុំបានយកមកកសាងចង្ក្រានបាយនៅក្នុងបន្ទាយដដែលទេ»។

ក្រុមកូនទាហាន បានអះអាងទៀតថា ក្រោយពីមានការសារភាពពីលោកមេបញ្ជាការចំពោះកូនៗទាហានរួចមក ក៏មានសេចក្ដីរាយការណ៍បញ្ជាក់ទៀតថា រីឯលោក ឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរី ដែលបានចូលរួមវាស់វែងឆ្វៀលដីបន្ទាយទាហានឲ្យខុសប្លង់ចាស់ គឺទទួលបានលុយតែ២សែនរៀលទេ។

ក្រុមកូនទាហាន បានលើកជាសំណួរ ប្រសិនបើលោក អ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរីសារភាពថា បានលុយ២០០០ដុល្លារពីលោក គឹម ហាន ចុះទម្រាំលោក សេក រស់ មេបញ្ជាការតំបន់ប្រតបត្តិការសឹករងខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ ទទួលបានប្រាក់ប៉ុណ្ណាទៅ ព្រោះលោក គឹម ហាន គឺជាមនុស្សស្និទ្ធស្នាលជាមួយលោក។

សូមបញ្ជាក់ថា បន្ទាប់ពីមានរឿងដ៏ចម្រោងចម្រាស់ជាបន្តបន្តាប់ អំពីសំណង់តូបដែកសង់នៅលើដីបន្ទាយទាហាន ផ្នែកសឹករងស្រុកអង្គរបុរី ខេត្តតាកែវ កាលថ្ងៃទី០៤ ខែតុលា​​​ ឆ្នាំ២០១៩ ក្រុមកូនទាហាននៅក្នុងបន្ទាយនេះ បានលួចបញ្ចេញឯកសារកាត់ដី និងឈ្មោះអ្នកចូលរួមពាក់ពន្ធ័ បង្ហាញឲ្យឃើញមេបញ្ជាការរងវ័យក្មេងម្នាក់ ជាម្ចាស់សំណង់នេះ។

តាមប្រភពច្បាស់ការណ៍នៅក្នុងបន្ទាយនេះ បានបង្ហាញឯកសារបញ្ជាក់នូវដីបន្ទាយទាហានផ្នែកសឹករងស្រុកអង្គរបុរី ត្រូវបានចុះបញ្ជី គឺមានទំហំ៥៦៦៤ម៉ែត្រក្រឡា ប៉ុន្តែ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែលោក ឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរី, លោក អ៊ូច យី មេបញ្ជាការផ្នែកសឹករងស្រុកអង្គរបុរី និងលោក សេក រស់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានសហការគ្នាវាស់វែងដីបន្ទាយសារជាថ្មី ដោយវាស់ឃ្វាលដីសង់តូបដែកចចេញ និងបានធ្វើរបាយការណ៍កំណត់ដីបន្ទាយមួយនេះ នៅសល់តែ៤០០០ម៉ត្រក្រឡាប៉ុណ្ណោះ។ ចំណែកដីសាងសង់តូបរបស់លោក គឹម ហាន មេបញ្ជាការរងតំបន់សឹករងស្រុកអង្គរបុរី គឺជាអ្នកសាងសង់តូបដែកទាំងនេះ ដើម្បីជួលពិតមែនប្រាកដមែន។

តាមរយៈឯកសារ បានបង្ហាញថា លោក សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ ជាអ្នកដឹកនាំវាស់វែងដីបន្ទាយនេះ និងចុះហត្ថលេខាលើឯកសារផងដែរ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរបន្ទាយទាហាននេះ បានឲ្យដឹងទៀតថា សំណង់តូបស្ថិតនៅលើផ្ទៃដីរាប់ពាន់ម៉ែត្រក្រឡា ត្រូវបានសាងសង់រួចរាល់អស់ហើយ និងបានខណ្ឌចែកជាបន្ទប់សម្រាប់ជួល ដែលក្នុងមួយបន្ទប់ មានតម្លៃយ៉ាងហោចណាស់៣០ដុល្លារក្នុង១ខែ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com