វេទិកាដឹកជញ្ជូនអន្តរជាតិ​ អញ្ជេីញកម្ពុជាចូលជាសមាជិកជាមួយប្រទេស៦០ផ្សេងទៀត​ លេីពិភពលោក

(ភ្នំពេញ)៖ នៅក្នុងអំឡុងនៃកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ពីថ្ងៃទី៦ ដល់ទី១០ ខែតុលាឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី នៃសហរដ្ឋអារ៉ាប់អ៊ីមមីរេត ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបពិភាក្សា ជាមួយព្រះរាជបុត្រា ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ របស់ពិភពលោក។

ក្នុងនោះ ជួបពិភាក្សាជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិដែលមានលេខាធិការដ្ឋាននៅក្នុងប្រទេសអាឡឺម៉ង់ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបអំពីស្ថានភាពនយោបាយ សង្គម និងភាពរីកលូតលាស់សេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិតអគ្គលេខាធិការបានសម្តែងនូវការកោតសរសើរ ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ដែលមានភាពខុសគ្នាឆ្ងាយពីពេលដែលលោកបណ្ឌិតបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពី១០ឆ្នាំមុន។ ជាមួយនឹងភាពរីកចម្រើននេះ លោកបណ្ឌិតបានផ្តល់យោបល់ថា កម្ពុជា គួរខិតខំអភិវឌ្ឍបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលវិស័យជាវិស័យស្នូលនៃ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំគណៈប្រតិភូកម្ពុជាអំពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលមានប្រទេសសមាជិកចំនួន ៦០ និងជាមេគំនិត សម្រាប់គោលនយោបាយដឹកជញ្ជូន ហើយជាអង្គការតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចីរភាពបរិស្ថាន និងសុខដុមនីយកម្មសង្គម។

ស្ថាប័ននេះគឺជាអ្នកសម្របសម្រួល និងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនជារៀងរាល់ឆ្នាំ។ ដូចនេះ លោកបណ្ឌិត សូមអញ្ជើញកម្ពុជាចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជួយជំរុញវិស័យដឹកជញ្ជូន ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវេទិកាដឹកជញ្ជូនអន្តរជាតិ និងកម្ពុជានៅពេលអនាគតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com