សម្តេច​តេជោ ហ៊ុន សែន៖ ការកែទម្រង់របៀបដឹកនាំប្រទេសរបស់សម្តេច គឺជាការគ្រោះថ្នាក់បំផុត ដោយសារកម្លាំងផ្ទៃក្នុងរបស់ខ្លួនមិនយល់

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលឆ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ការកែទម្រង់របៀបដឹកនាំប្រទេសរបស់សម្តេច គឺជាការគ្រោះថ្នាក់បំផុត ដោយសារកម្លាំងផ្ទៃក្នុងរបស់ខ្លួនអត់យល់ និងមិនគាំទ្រ ឲ្យបានពេញលេញ។

សម្តេចបានរំឭកថា គោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចរបស់សម្តេចតេជោ នាពេលនោះ ទទួលបានការគាំទ្រពីសម្តេចអគ្គមហាពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក សាយ បូថង ដែលយល់ថា ការសម្រេចធ្វើបែបនេះ គឺសំខាន់ណាស់ ដើម្បីជាតិរស់។

ការសម្រេចកែទម្រង់នៅពេលនោះ គ្មានការរារាំងពីប្រទេសជាមិត្តឡើយ ដូចជាប្រទេសរុស្ស៊ី និងប្រទេសវៀតណាម បើមិនដូច្នេះទេ សម្តេចតេជោ ហ៊ុន សែន មិនអាចអនុវត្តផែនការនេះបានឡើយ។

សម្តេចបានលើកឡើងពីការខិតខំកែទម្រង់សេដ្ឋកិច្ចផែនការ មកជាសេដ្ខកិច្ចទីផ្សារថា «ប្រសិនបើរុស្ស៊ីមិនគាំទ្រ ហើយប្រាប់សម្តេច ហេង សំរិន ថាមិនឲ្យ ហ៊ុន សែន ធ្វើ គឺខ្ញុំជួបគ្រោះថ្នាក់ទៅហើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី​៤០ «១០​តុលា ១៩៧៩-១០​តុលា ២០១៩» នៃការបង្កើតធនាគារជាតិឡើងវិញ នៅ​សាលសន្និសីទ​ចតុម្មុខ ក្នុង​រាជធានី​ភ្នំពេញ​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល អង្គទូត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា សរុប​ប្រមាណ៦០០​នាក់​៕

      

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com