សម្តេច​តេជោ ហ៊ុន សែន៖ លើពិភពលោកនេះ គ្មានប្រទេសណាមួយ នៅចុងសតវត្សរ៍ទី២០ ត្រូវលុបចោលប្រាក់ ដូចកម្ពុជាទេ

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលឆ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា នៅចុងសតវត្សរ៍ទី២០នៃប្រវត្តិសាសន៍មនុស្សជាតិ នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ត្រូវបានលុបចោលប្រាក់ឲ្យចាយ ដូចកម្ពុជាទេ ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់របបខ្មែរក្រហមដ៏ឃោរឃៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ខ្មែរក្រហម គឺកម្ពុជាគ្មានការផ្លាស់ប្តូរទំនិញ គ្មានទីផ្សារ»។

សម្តេចបានរំឭកថា ក្រោយពីការដួលរលំរបបខ្មែរក្រហម សម្តេចតេជោ និងសម្តេចអគ្គមហាពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ប៉ែន សុវណ្ណ បានដឹកនាំគូរគំរូក្រដាសប្រាក់រៀលថ្មី ដើម្បីបោះពុម្ពឲ្យចរាចរណ៍ឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «អ្វីដែលលំបាកជាងនេះទៀត ពេលយើងមានក្រដាសប្រាក់ហើយ មិនមានម៉ាស៊ីនបោះពុម្ពនៅក្នុងប្រទេសទេ ដូច្នេះរដ្ឋាភិបាលសម្រេចបោះពុម្ពនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី​៤០ «១០​តុលា ១៩៧៩-១០​តុលា ២០១៩» នៃការបង្កើតធនាគារជាតិឡើងវិញ នៅ​សាលសន្និសីទ​ចតុម្មុខ ក្នុង​រាជធានី​ភ្នំពេញ​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល អង្គទូត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា សរុប​ប្រមាណ៦០០​នាក់​។​

​ជាការ​កត់សម្គាល់ ពិធី​ជួបជុំ​រម្លឹក​ខួប៤០​ឆ្នាំ នៃ​ការបង្កើត​ធនាគារជាតិ​ឡើងវិញ ថ្ងៃ​១០​តុលា ១៩៧៩-​ថ្ងៃ​១០​តុលា ២០១៩ ធ្វើឡើងបន្ទាប់ពី​អគារ​ធនាគារជាតិ ឬបង់​ក្រហម នៅ​មហាវិថី​ព្រះ​នរោត្តម ជិត​ផ្សារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​វាយកម្ទេច​ចោល កាលពីដើម​ខែសីហា ឆ្នាំ​២០១៩ ដើម្បី​សាងសង់​អគារ​ទីស្នាក់ការ​ថ្មី​។​

​អគារ​ស្នាក់ការ​ថ្មី​របស់​ធនាគារជាតិ នឹងត្រូវ​រចនា​ឡើង តាម​លំនាំ​ប្រាសាទភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ បង្ហាញ​ពី​ភាពរឹងមាំ ទំនើប និង​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ នាពេល​បច្ចុប្បន្ន​។​ ក្នុងពេលនេះ ធនាគារជាតិ មានទីស្នាក់ការថ្មី នៅមហាវិថីហាណូយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅជិតផ្សារទំនើប​ អេ អន ទី២​។

​ប្រវត្តិ​ធនាគារជាតិ​នៃ​កម្ពុជា​៖
​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រវត្តិ​យូរអង្វែង ដែល​អាចបែងចែក​ជា​បួន​ដំណាក់កាល ដូចខាងក្រោម​៖

– ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៤៖ ​ប្រទេស​កម្ពុជា បាន​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ត្រូវបាន​បង្កើតឡើង​។
​ធនាគារជាតិ​នៃ​កម្ពុជា ទទួលភារៈ​ផ្តាច់​មុខជា​អ្នក​បោះពុម្ព​ប្រាក់រៀល ដែលជា​រូបិយវត្ថុ​ជាតិ និង​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។​

– ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩: ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បិទ​ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ។ អគារ​ស្នាក់ការ ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ។​

– ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣: ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​កសាងឡើង​វិញ​ពី​ចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ​ជាតិ ក៏​ត្រូវបាន​បោះផ្សាយ​ឡើងវិញ​។ កម្ពុជា បាន​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី​។​

– ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​: ​ប្រព័ន្ធ​ធនាគារ ត្រូវបាន​ពង្រឹង និង​ធ្វើ​ទំនើបភាវូបនីយកម្ម​ជា​លំដាប់ ហើយ​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​។​

​មកដល់​ឆ្នាំ​២០១៩ ធនាគារជាតិ​នៃ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។ ធនាគារជាតិ​នៃ​កម្ពុជា មាន​សាខា​នៅ ២១​ខេត្ត​រាជធានី រួមមាន​៖ រាជធានី​ភ្នំពេញ – កណ្តាល – កំពង់ចាម – បាត់ដំបង – ព្រៃវែង – សៀមរាប – កំពង់ធំ – តាកែវ – ពោធិ៍សាត់ – កំពង់ឆ្នាំង – កំពង់ស្ពឺ – កំពត – ព្រះសីហនុ – កោះកុង – ព្រះវិហារ – ក្រចេះ – រតនគិរី – មណ្ឌលគិរី – ស្ទឹងត្រែង – បន្ទាយមានជ័យ – ស្វាយរៀង​៕​

      

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com