គ្រូបង្វឹកកម្ពុជា Felix Dalmas “កម្ពុជា មិនខ្លាចអ៊ីរ៉ងទេ”

(អ៊ីរ៉ង)៖ គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Dalmas សញ្ជាតិអាហ្សង់ទីន និយាយថាកម្ពុជានឹងលេងជាមួយក្រុមខ្លាំងអ៊ីរ៉ង់ដោយគ្មានភ័យព្រួយ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ កាតា និងជម្រុះជើងឯកអាស៊ី ២០២៣នៅចិនជុំទី២។

គោព្រៃកម្ពុជា នឹងជួបក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងខ្លួនដល់ទៅ ១៤៦លេខ អ៊ីរ៉ង់ក្នុងពូល C នៅពហុកីឡដ្ឋាន Azadi យប់ថ្ងៃទី១០ ខែតុលា វេលាម៉ោង ៥និង00នាទីល្ងាច ម៉ោងនៅអ៊ីរ៉ង់ ត្រូវនឹងម៉ោង ៨និង៣០នាទីយប់នៅកម្ពុជា។

ពីរប្រកួតដំបូងក្នុងដីនៃយុទ្ធនាការជម្រុះនេះ កម្ពុជារកបានតែមួយពិន្ទុទេ ក្រោយស្មើហុងកុង ១ទល់នឹង១ និងចាញ់ក្រុមខ្លាំងអាស៊ីខាងលិចបារ៉ែន ០ទល់នឹង១។

ក្នុងសន្និសីទសារព័ត៌មានម្សិលមិញ Dalmas និយាយថាវាជាឱកាសល្អសម្រាប់យើង ដើម្បីសាកល្បងសមត្ថភាពខ្លួនឯង ព្រោះយើងលេងជាមួយក្រុមខ្លាំងបំផុតនៅអាស៊ី។ យើងសង្ឃឹមថា យើងនឹងបោះជំហានមួយកម្រិតទៀតតាមផែនការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។

គ្រូបង្វឹវ័យទើបតែ៣១ឆ្នាំរូបនេះបន្តថា អ៊ីរ៉ង់ជាមហាអំណាចបាល់ទាត់មួយនៅអាស៊ី ប៉ុន្តែមនោគមវិទ្យាបាល់ទាត់របស់យើងគឺច្បាស់។ យើងនឹងលេងឱ្យអស់ពីសមត្ថភាព លេងឱ្យល្អគ្រប់ក្រុម គ្រប់ការប្រកួត។ នេះជារឿងសំខាន់របស់យើង។

ឆ្លើយទៅហ្នឹងអ្នកសារព័ត៌មាន លោក Dalmas បញ្ជាក់ថា យើងចាត់ទុកការប្រកួតនេះជាកាលានុវត្តភាពដើម្បីបង្កើនសក្តានុពលរបស់យើង។ យើងចង់ប្រកួត ទើបយើងមានវត្តមាននៅទីនេះ។ យើងដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរ ប៉ុន្តែយើងត្រូវតែខំឱ្យអស់ពីសមត្ថភាព។

លោកបន្ថែមទៀតថា “ខ្ញុំ និងKeisuke Honda មានគំនិតដូចគ្នាក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយជួយគ្នាទៅវិញទៅមកសម្រេចគោលដៅរបស់យើង។ Honda ជាគ្រូប្រកបដោយវិជ្ជាជីវៈ ហើយដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍក្រុម។ យើងមានចរិកខុសគ្នា តែសម្លឹងគោលដៅរួម”។

ក្រោយការប្រកួតជាមួយអ៊ីរ៉ង់ ថ្ងៃទី១៥ ខែតុលា កម្ពុជា ត្រូវប្រកួតជាមួយជើងឯកអាស៊ី ២០០៧ អ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិ ម៉ោង៦និង៣០នាទីល្ងាច ការប្រកួតជម្រុះដូចគ្នានេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com