​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីប្រារព្ធខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃការបង្កើតធនាគារជាតិឡើងវិញ

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលឆ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីពិធីប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី​៤០ «១០​តុលា ១៩៧៩-១០​តុលា ២០១៩» នៃការបង្កើតធនាគារជាតិឡើងវិញ នៅ​សាលសន្និសីទ​ចតុម្មុខ ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ បានឲ្យដឹងថាពិធី​ជួបជុំ​ប្រារព្ធ​ខួប៤០​ឆ្នាំ​នៃ​ការបង្កើត​ធនាគារជាតិ​ឡើងវិញនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល អង្គទូត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា សរុប​ប្រមាណ៦០០​នាក់​។​

​ជាការ​កត់សម្គាល់ ពិធី​ជួបជុំ​រម្លឹក​ខួប៤០​ឆ្នាំ នៃ​ការបង្កើត​ធនាគារជាតិ​ឡើងវិញ ថ្ងៃ​១០​តុលា ១៩៧៩-​ថ្ងៃ​១០​តុលា ២០១៩ ធ្វើឡើងបន្ទាប់ពី​អគារ​ធនាគារជាតិ ឬបង់​ក្រហម នៅ​មហាវិថី​ព្រះ​នរោត្តម ជិត​ផ្សារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​វាយកម្ទេច​ចោល កាលពីដើម​ខែសីហា ឆ្នាំ​២០១៩ ដើម្បី​សាងសង់​អគារ​ទីស្នាក់ការ​ថ្មី​។​

​អគារ​ស្នាក់ការ​ថ្មី​របស់​ធនាគារជាតិ នឹងត្រូវ​រចនា​ឡើង តាម​លំនាំ​ប្រាសាទភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ បង្ហាញ​ពី​ភាពរឹងមាំ ទំនើប និង​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ នាពេល​បច្ចុប្បន្ន​។​ ក្នុងពេលនេះ ធនាគារជាតិ មានទីស្នាក់ការថ្មី នៅមហាវិថីហាណូយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅជិតផ្សារទំនើប​ អេ អន ទី២​។

​ប្រវត្តិ​ធនាគារជាតិ​នៃ​កម្ពុជា​៖
​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រវត្តិ​យូរអង្វែង ដែល​អាចបែងចែក​ជា​បួន​ដំណាក់កាល ដូចខាងក្រោម​៖

– ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៤៖ ​ប្រទេស​កម្ពុជា បាន​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ត្រូវបាន​បង្កើតឡើង​។
​ធនាគារជាតិ​នៃ​កម្ពុជា ទទួលភារៈ​ផ្តាច់​មុខជា​អ្នក​បោះពុម្ព​ប្រាក់រៀល ដែលជា​រូបិយវត្ថុ​ជាតិ និង​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។​

– ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩: ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បិទ​ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ។ អគារ​ស្នាក់ការ ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ។​

– ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣: ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​កសាងឡើង​វិញ​ពី​ចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ​ជាតិ ក៏​ត្រូវបាន​បោះផ្សាយ​ឡើងវិញ​។ កម្ពុជា បាន​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី​។​

– ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​: ​ប្រព័ន្ធ​ធនាគារ ត្រូវបាន​ពង្រឹង និង​ធ្វើ​ទំនើបភាវូបនីយកម្ម​ជា​លំដាប់ ហើយ​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​។​

​មកដល់​ឆ្នាំ​២០១៩ ធនាគារជាតិ​នៃ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។ ធនាគារជាតិ​នៃ​កម្ពុជា មាន​សាខា​នៅ ២១​ខេត្ត​រាជធានី រួមមាន​៖ រាជធានី​ភ្នំពេញ – កណ្តាល – កំពង់ចាម – បាត់ដំបង – ព្រៃវែង – សៀមរាប – កំពង់ធំ – តាកែវ – ពោធិ៍សាត់ – កំពង់ឆ្នាំង – កំពង់ស្ពឺ – កំពត – ព្រះសីហនុ – កោះកុង – ព្រះវិហារ – ក្រចេះ – រតនគិរី – មណ្ឌលគិរី – ស្ទឹងត្រែង – បន្ទាយមានជ័យ – ស្វាយរៀង​៕​

      

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com