គ្រូអ៊ីរ៉ង់ Marc Wilmots “ឈ្នះកម្ពុជា ជាគោលដៅរបស់យើង”

(អ៊ីរ៉ង)៖ គ្រូបង្គោលជម្រើសជាតិអ៊ីរ៉ង់ Marc Wilmots សញ្ជាតិបែលហ្ស៊ិក និយាយថាពូកគេត្រូវតែឈ្នះក្រុមកម្ពុជា ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២កាតា និងជើងឯកអាស៊ី ២០២៣ ចិន។

អ៊ីរ៉ង នឹងទទួលក្រុមមកពីអាស៊ីអាគ្នេយ៍ក្នុងពូលC ក្នុងពហុកីឡដ្ឋាន Azadi ទីក្រុងតេអេរ៉ង់ ថ្ងៃព្រហស្បត្តិ៍នេះ វេលាម៉ោង ៨និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ក្រុមលេខ១អាស៊ី បើកយុទ្ធនាការដំបូងដោយយកឈ្នះក្រុមជម្រើសហុងកុង ២ទល់នឹង០។

ក្នុងសន្និសីទមុនការប្រកួតលោក Wilmots និយាយថាគោលដៅរបស់យើង គឺឈ្នះការប្រកួតក្នុងដីដំបូងនេះ។ ជ័យជំនះគីសំខាន់សម្រាប់យើង ហើយយើងនឹងលេងប្រយុទ្ធខ្លាំងជាមួយកម្ពុជា។ ពេលលេងជាមួយហុងកុង យើងគ្រប់គ្រងបាល់ និងបង្កើតឱកាសស៊ុតបញ្ចូលទី។

គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិករូបនេះបន្តថា អ៊ីរ៉ង់មានផ្លូវវែងឆ្ងាយទៀត ដើម្បីកក់កៅអីទៅកាន់វគ្គចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក ២០២២នៅកាតា។

លោកបន្ថែមទៀតថា យើងចង់ឈ្នះគ្រប់ការប្រកួតក្នុងវគ្គជម្រុះជុំ។ នេះជាគោលដៅរយៈពេលខ្លីរបស់យើង។ ការលេងទម្រង់ប្រយុទ្ធលឿន ជាអ្វីដែលយើងប្រើនៅវគ្គនេះ។ យើងចង់បញ្ចប់ក្នុងនាមជាក្រុម
លេខមួយក្នុងពូល។

ដោយបង្ហាញការមិនពេញចិត្តចំពោះទម្រង់លេងបែបការពារច្រើន Wilmots និយាយថា ដូចដែលលេងជាមួយហុងកុង យើងនឹងប្រើទម្រង់បែបប្រយុទ្ធច្រើន ជាមួយកម្ពុជាដែរ។ យើងមិនចូលចិត្តលេងការពារទេ។

សូមជម្រាបជូនថាកម្ពុជា នឹងអ៊ីរ៉ង់ធ្លាប់ជួបគ្នាពីរដងក្នុងការប្រកួតជើងឯកអាស៊ី ១៩៧២ កាលនោះកម្ពុជាចាញ់ទាំងពីរប្រកួត តែកម្ពុជាឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងគ្រងដំណែងលេខ៤ តំបន់អាស៊ី ១៩៧២ ក្រោយចាញ់ម្ចាស់ផ្ទះថៃដោយបាល់កាត់សេចក្តី១១ម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com