អាស៊ាន នឹងបង្កើតក្រុមការងារបច្ចេកទេសប្រជែងសិទ្ធិធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ២០៣៤

(ហ្វីលីពីន)៖ កិច្ចប្រជុំ “រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩” ដែលប្រព្រឹត្តទៅនៅ ប្រទេសហ្វីលីពីន បានដំណើរការផ្លូវការថ្ងៃនេះ។ 

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានផ្តោតលើការងារសំខាន់ជាច្រើនក្នុងនោះ អាស៊ាននឹងបង្កើតក្រុមការងារបច្ចេកទេស សម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃរួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ បាល់ទាត់ពិភពលោកឆ្នាំ២០៣៤ (FIFA WORLD CUP 2034)។

នៅខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីថៃ​លោក ប្រាយុទ្ធ ចាន់អូចា ប្រធានអា៊សាន បានប្រកាសថាប្រទេសសមាជិកអាស៊ានទាំង១០ គូរតែរួមនាំដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០៣៤។ គំនិតនេះក៏ត្រូវបានប្រធានបាល់ទាត់អាស៊ាន ឯកឧត្តម ខៀវ សាម៉េត គាំទ្រ និងជួយជម្រុញលើការងារនេះ។

ក្រៅពីនេះកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន ក៏បានពិនិត្យសំណើរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង ASEAN ជាមួយ FIFA, ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការការងារ ស្តីពីវិស័យកីឡា ឆ្នាំ ២០១៦-២០២០។

អង្គប្រជុំបានពិភាក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានការងារស្តីពីកីឡាអាស៊ាន, ពិភាក្សារៀបចំបង្កើត ASEAN SPORT ZONE នៅតាមបណ្តាប្រទេសជាសមាជិក និងពិនិត្យការចុះអនុស្សារណៈយោគយល់គ្នារវាង ASEAN និងប្រទេសរុស្សីដោយផ្តោតលើ ៣ចំណុចសំខាន់ៗ រួមមាន៖ ការហ្វឹកហាត់កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល-ចៅក្រម, បណ្តុះបណ្តាលមន្ត្រីលើជំនាញគ្រប់គ្រងកីឡា និងបណ្តុះបណ្តាលលើជំនាញវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តកីឡា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com