សមត្ថកិច្ចកំពង់ស្ពឺចាប់ខ្លួនអតីតអនុប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិ ២នាក់តាមដីកាតុលាការ

(កំពង់ស្ពឺ)៖ ជនត្រូវចោទ ជាអតីតអនុប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិ ២នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។

ជនត្រូវចោទឈ្មោះ អ៊ុំ យ៉ុង ភេទប្រុស អាយុ ៦១ឆ្នាំ និងឈ្មោះ ពុយ តាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺចេញដីកាបង្គាប់ឲ្យនាំខ្លួន ក្រោមបទចោទប្រកាន់ ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ប្រព្រឹត្តនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនត្រូវចោទទាំង ២នាក់ត្រូវកម្លាំងសមត្ថកិច្ចខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com