ឯកឧត្តម ហ៊ុន ម៉ានី៖ «វិស័យអប់រំដើរតួសំខាន់ក្នុងការផ្លាស់ការប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់មនុស្សក្នុងការទុកដាក់សំរាម»

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាសហស្ថាបនិកយុទ្ធនាការភ្នំពេញស្អាត បានលើកឡើងថា វិស័យអប់រំពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ការប្ដូរឥរិយាបថ និងផ្នត់គំនិតមនុស្សក្នុងការទុកដាក់សំរាម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះនៅក្នុងពីិធីជួបសំណេះសំណាលជាមួយនាយក-នាយិកាវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងផ្សព្វផ្សាយអំពី «យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩» នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នៅឯមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។­­

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្ថែមផងដែរថា «យើងមកពីវិស័យខុសៗគ្នា តែយើងដឹងច្បាស់ថា ស្អាត គឺចាប់ផ្ដើមចេញពីយើងម្នាក់ៗ ហើយយើងនៅតែបន្ដធ្វើទោះបីជាឥរិយាបទមួយចំនួននៅតែមានការកែប្រែតិចតួចនៅឡើយ។ ការផ្លាស់ប្ដូរឥរិយាបទ និងផ្នត់គំនិតមនុស្សម្នាក់ត្រូវការពេលវេលា ជាពិសេសគឺការអប់រំ»។

សូមជម្រាបជូនថា នៅឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងដៃគូរសហការទាំងអស់នឹងរួមបន្ដសកម្មភាពយុទ្ធនាការភ្នំពេញស្អាត ក្នុងគោលដៅជួយជម្រុញ និងបំផុសឲ្យមានការទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីបរិស្ថានស្អាត និងសោភ័ណភាពទីក្រុងស្អាត ស្របតាមពាក្យស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។

គួរបញ្ជាក់ថា «យុទ្ធនាការភ្នំពេញស្អាត»នេះបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ២០១៧ មក ក្នុងគោលដៅផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com