សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ កម្ពុជា​លើកទឹកចិត្ត​ និង​គាំទ្រ​ដល់​ការ​សិក្សា​របស់​យុវជន​នៅ​ក្រៅប្រទេស​

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មុន​នេះ​បន្តិច​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ សុខ​សន្តិភាព​ ស្ថិរភាព​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ ជាង​៣០​ឆ្នាំ​មកនេះ​ បាន​ផ្តល់​ឱកាស​យ៉ាងច្រើន​ដល់​យុវជន​ក្នុង​ការ​សិក្សា​រៀនសូត្រ​ទាំង​នៅ​ក្នុង​ និង​ក្រៅប្រទេស​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បន្ត​ថា​ មាន​សិស្សានុសិស្ស​ និង​និស្សិត​ជា​ច្រើន​បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​បរទេស​លើ​មុខ​ជំនាញ​ជា​ច្រើន​ ក្នុង​នោះ​រួម​ទាំង​វិស័យ​កងទ័ព​ផង​ដែរ​។​

​វិស័យ​កងទ័ព​ គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​ និង​បូរ​ណា​ភាព​ទឹកដី​ ដែល​តម្រូវ​អោយ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស​ដែល​យើង​អាច​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន​។​

​សម្តេច​តេ​ជោ​បន្ត​ទៀត​ថា​ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​អោយ​ទទួល​បាន​សិក្សា​នៅ​ក្រៅប្រទេស​ដើម្បី​ស្វែងរក​ចំណេះដឹង​ថ្មីៗ​ និង​បទ​ពិសោធន៍​ល្អៗ​មក​ជួយ​អភិវឌ្ឍ​ន៌​ប្រទេស​ជាតិ​។​ «​មិន​ថា​ពួក​គេ​មាន​ប្រភព​មកពីណា​ ឬ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​បែប​ណា​ ជា​កសិករ​ អាជីវករ​ ឬ​ជា​មន្ត្រីរាជការ​ គឺ​ពួក​គេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ ជម្រុញ​ និង​លើកទឹកចិត្ត​អោយ​បាន​រៀនសូត្រ​នៅ​សាលា​ល្អៗ​ដែល​មានកម្ម​វិធី​ហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​។​

«​ជាក់ស្តែង​ដូច​យុវជន​ប៉ុន្មាន​រូប​នេះ​ គឺ​បាន​តស៊ូ​ និង​អំណត់​អត់ធន់​រៀនសូត្រ​នៅ​បរទេស​រហូត​បញ្ចប់​ការ​សិក្សា​ហើយ​បាន​វិល​មក​កាន់​មាតុប្រទេស​វិញ​។​ ទន្ទឹម​នឹង​នោះ​ ក៏​មាន​យុវជន​ យុវតី​ខ្មែរ​យើង​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ និង​ កំពុង​សិក្សា​យ៉ាងច្រើន​នៅ​បរទេស​ដើម្បី​ស្រូប​យកចំណេះ​ដឹង​ថ្មីៗ​ បទ​ពិសោធន៍​ល្អៗ​ និង​ជំនាញ​មក​បម្រើ​ប្រទេស​ជាតិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​គាំទ្រ​ ជំរុញ​ និង​លើកទឹកចិត្ត​ដល់​យុវជន​ពី​គ្រប់​ស្រទាប់វណ្ណៈ​អោយ​ទទួល​បានការ​សិក្សា​ជ្រៅជ្រះ​ ទាំង​ក្នុង​វិស័យ​កងទ័ព​ និង​នៅ​ក្នុង​វិស័យ​ដទៃៗ​ទៀត​សម្រាប់​យក​មក​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​អោយ​កាន់តែ​រីក​ចម្រើន​៕​ (Swift​ News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com