តំណាងអយ្យការខេត្តកំពង់ចាម សម្រេចចោទប្រកាន់មនុស្ស ២នាក់រឿងរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(កំពង់ចាម)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចចោទប្រកាន់លើឈ្មោះ ដុង សុវណ្ណារិទ្ធិ ភេទប្រុស អាយុ ៤៧ឆ្នាំ (កំពុងជាប់ឃុំនៅពន្ធគារខេត្តកំពង់ចាម) និងឈ្មោះ ហម វុទ្ធី ភេទប្រុស អាយុ ៤៧ឆ្នាំ (ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅរាជជានីភ្នំពេញកាលពីថ្ងៃម្សិលមិញ) ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើឈ្មោះ ដុង សុវណ្ណារិទ្ធិ និងឈ្មោះ ហម វុទ្ធី បន្ទាប់ពីពួកគេមានគម្រោងចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី នឹងបក្ខពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពុងចាម បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com