តុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ឈុន វាន ដែលបានរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(សៀមរាប)៖ អ្នកនាំពាក្យ សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ឈុន វាន របស់ចៅក្រមស៊ើបសួរ។

ការសម្រេចចេញដីកាចាប់ខ្លួនជនត្រូវចោទឈ្មោះ ឈុន វាន ភេទប្រុស អាយុ ៣០ឆ្នាំ ស្រុកកំណើតភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ធ្វើឡើងបន្ទាប់ពីតំណាងអយ្យអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់លើបុគ្គលនេះ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើឈ្មោះ ឈុន វាន បន្ទាប់ពីជននេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ពីប្រទេសថៃកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី នឹងបក្ខពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃសាលាដំបូងខេត្តសៀមរាប៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com