CBA ពិចារណាឲ្យមានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពាន​ ដែលធន់នឹងការប្រែប្រួល​អាកាសធាតុ​

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការសិក្សា និងការវិភាគលើផលចំណេញខាត(CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអង្គភាពទាំងអស់ក្រោមឱវាទក្រសួង។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងពីបរិបទនៃការប្រែប្រួលអាកាសធាតុ ប៉ាន់ស្មាននូវទំហំនៃផលប្រយោជន៍នៃគោលនយោបាយមួយ ដែលអាចផ្លាស់ប្តូរដោយការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញ បង្ហាញអំពីរបៀបនៃការផ្លាស់ប្តូរគោលនយោបាយដែលអាចបង្កើនផលចំណេញសុទ្ធ និងពិចារណាលើការរៀបចំសំណើថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ។ ជាក់ស្ដែងទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ការជាបណ្ដោះ។

តាមរយៈខ្លឹមសារនៃសិក្ខាសាលានេះសង្ឃឹមថា ពិតជាផ្ដល់នូវចំណេះដឹង និងជាមូលដ្ឋានក្នុងការពិចារ​ណាសម្រេចចិត្ត សម្រាប់ការវិនិយោគលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើការវិភាគផ្នែកសេដ្ឋកិច្ច៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង