​បញ្ហាសេសសល់ក្នុងគម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តព្រះសីហនុ​ ត្រូវបានពិនិត្យ​ ​និង​សម្រេច​

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិកក្រុមការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ បានប្រជុំពិភាក្សា ដើម្បីពិនិត្យគោលការណ៍ដោះស្រាយបញ្ហាសេសសល់ ដែលពាក់ព័ន្ធដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១) បន្តទប់ស្កាត់ និងមានវិធានការលើ៖
– សំណង់ជាប់របងជុំវិញដីបរិវេណអាកាសយានដ្ឋាន
– ការចូលសាងសង់សំណង់ក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋាន
– ការសាងសង់សំណង់នៅចុងផ្លូវរត់ទិស២១ និងទិស០៣

២) រាល់ការអនុញ្ញាតសាងសង់សំណង់នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានត្រូវអនុលោមទៅតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧបសគ្គប្រលានយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

៣) ប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីខេត្តព្រះសីហនុ (ភូមិ ឃុំ ស្រុក និងខេត្ត) បន្តកិច្ចពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបាននឹងកំពុងរស់នៅជាប់ក្បែររបង អាកាសយានដ្ឋានអន្តរ​ជាតិខេត្តព្រះសីហនុដោយផ្អែកលើគោលការណ៍ដែលមានស្រាប់ និងរាយការណ៍ជូនក្រុមការងារពិនិត្យ និងដោះស្រាយ។

៤) ប្រគល់ភារកិច្ចជូនក្រុមការងារដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្តពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន​៧គ្រួសារ ក្នុងដីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយឈរលើគោល​ការណ៍ របស់រាជរដ្ឋាភិបាល។

៥) ប្រគល់ភារកិច្ចជូន ឯកឧត្តម សយ សុខាន់ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការ នៃក្រុមការងារដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្តតាមដានការអនុវត្តគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន និងការសាងសង់របងការពារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

៦) ប្រគល់ភារកិច្ចជូន ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមការងារដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជួយសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់និងផ្ទេរថវិកាសម្រាប់ដោះស្រាយទូទាត់សំណងផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហ​នុ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង