SEA GAMES19: គ្រូវាយកូនបាល់ដាក់ក្តីសង្ឃឹមក្នុងការប្រជែងមេដាយលើវិញ្ញាសាម្នាក់ទល់ម្នាក់ និងវាយគូបុរស-នារី ពីស៊ីហ្គេម នៅហ្វីលីពីន

(កម្ពុជា)៖ គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានដាក់ក្តីសង្ឃឹមថា កីឡា ករ កីឡារិនីរបស់ខ្លួននឹងអាចប្រជែងបានមេដាយ ក្នុងកម្រិតណាមួយ លើវិញ្ញាសាម្នាក់ទល់ម្នាក់ និងវិញ្ញាសា វាយគូ បុរស-នារីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ដំណើរការ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

គ្រូបង្វឹកវាយកូនបាល់រូបនេះបញ្ជាក់ជូនថា សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០១៩នេះបានប្រើ ប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដោយចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់តាំងពីចុងខែ មេសាមកម្លេះ ដើម្បីបង្កើនបាននូវគុណភាពបច្ចេកទេសឲ្យកាន់តែប្រសើរបន្ថែមទៀត។ ជម្រើសជាតិវាយកូន បាល់ទាំង៧នាក់រួមមាន៖ កីឡាករ ប៊ុន កេន្នី, ឱ សារិទ្ធ, ឃ្លាំង ពន្លក និងកីឡាការិនី ហូ ស្រីណុច, កា អង់ដ្រេអា ដារ៉ាវី, ក្រូសលីន ហ្គ្រាស អានិត្យ និងស៊ុម ចិន្តា ហើយនៅក្នុងចំណោមកីឡាការិនី៣នាក់កំពុងហ្វឹកហាត់នៅ សហរដ្ឋអាមរិក។ សម្រាប់កីឡាការិនី៣នាក់ ដែលកំពុងហ្វឹកហាត់នៅអាមេរិកនោះ រួមមាន៖ កា អង់ដ្រេអា ដារ៉ាវីមានឪពុកម្តាយជាជនជាតិខ្មែរ ប៉ុន្តែគាត់ទៅសិក្សានៅអាមេរិក ដោយឆ្លៀតហ្វឹកហាត់ផង និងដើរប្រកួតនៅ ជុំវិញពិភពលោកផង ដោយមានចំណាត់ថ្នាក់ពិភពលោក ក្នុងពិន្ទុ ៥៦០ដែរ ខណៈកីឡាការិនី ក្រូសលីន ហ្គ្រាស អានិត្យ និងស៊ុម ចិន្តា កំពុងហ្វឹកហាត់នៅទីនោះ ប៉ុន្តែមិនមែនហ្វឹកហាត់ជុំគ្នាទេ គឺពួកគាត់ទាំង៣នាក់ នៅរដ្ឋខុសៗគ្នា។

លោក ជា ពៅ បញ្ជាក់ទៀតថា នៅអំឡុងពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ពួកគាត់ទាំងបីនាក់នឹង ត្រឡប់មកកម្ពុជាវិញ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាពី២ទៅ៣សប្តាហ៍ មុនពេលចេញទៅចូលរួមប្រកួត នៅ ហ្វីលីពីនតែម្តង ដោយតាមការគ្រោងទុកនឹងត្រូវចេញដំណើរនាថ្ងៃទី២៩ ខែវិច្ឆិកា ហើយត្រូវចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែធ្នូ ដោយប្រកួតលើ៥វិញ្ញាសា ម្នាក់ទល់ម្នាក់បុរស-នារី, វាយគូបុរស-នារី និង វិញ្ញាសាវាយគូចម្រុះបុរស-នារី។ រីឯប្រតិភូដឹកនាំលើប្រភេទកីឡាវាយកូនបាល់នេះ គឺលោក ទេព រិទ្ធីវិទ្ធ អគ្គ លេខាធិការសហព័ន្ធ, លោក ជា ពៅ គ្រូបង្វឹក និងលោក អានីរូស ប្រាអេន គ្រូបង្វឹកជាជនជាតិបរទេស។

សូមរំឭកថា ប្រភេទកីឡាវាយកូនបាល់ នៅក្នុង ស៊ីហ្គេម២លើកកន្លងទៅ ធ្លាប់ដណ្តើមបានមេដាយ សំរឹទ្ធលើវិញ្ញាសា ម្នាក់ទល់ម្នាក់បុរស កាលពីស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ហើយកាលពី ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីឈ្នះបានមេដាយសំរឹទ្ធ១គ្រឿងដូចគ្នាដែរ លើវិញ្ញាសាម្នាក់ទល់ម្នាក់នារី។ ប្រភេទកីឡាវាយកូនបាល់នេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលទាំង ៩ ក្នុងការប្រជែងមេដាយពីស៊ីហ្គេម ឆ្នាំ២០១៩ ខណៈប្រភេទកីឡាសរុបមានចំនួន៣០ប្រភេទ៕ (ប្រភព៖ Cambodia SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com