កម្ពុជានឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុន

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាទីក្រុងប្រមូលផ្តុំបណ្តាញដ៏សំខាន់ ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ រវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក ហើយនឹងកាន់តែជំរុញឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្តថៃ+១ និងវៀតណាម+១។

តាមរយៈសកម្មភាព និងសមិទ្ធិផលជាក់ស្តែងក្នុងរយៈពេល១០ឆ្នាំកន្លងមកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរតំបន់មេគង្គជាមជ្ឈមណ្ឌលមួយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការជំរុញកំណើនគុណភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីជំរុញបន្ថែមទៀតនូវសក្តានុពលសេដ្ឋកិច្ចនៃតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ាន។

កិច្ចខិតខំប្រឹងប្រែងបែបនេះតែងតែត្រូវបានសាទរដោយបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ។ រៀងរាល់បីឆ្នាំម្តងប្រទេសជប៉ុនរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននៅតូក្យូ ដែលយុទ្ធសាស្ត្រសំខាន់ៗត្រូវបានប្រកាស។

កាលពីឆ្នាំមុនប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដោយអនុវត្ដ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» ដែលផ្តោតសំខាន់លើសសរទ្រូងចំនួនបីគឺ (១) ការតភ្ជាប់ប្រកបដោយប្រសិទ្ធិភាព និងសកម្ម (២) សង្គមដែលផ្តោតលើប្រជាជន និង(៣) ការសម្រេចបាននូវតំបន់មេគង្គបៃតង។ មេដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គ និងប្រទេសជប៉ុនក៏បានសម្រេចចិត្តបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

យុទ្ធសាស្ត្រនេះ ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីតាំងដ៏មានសារៈសំខាន់មួយសម្រាប់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។

ជាក់ស្តែងជប៉ុនបាន និងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ដូចជាការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ស្ពានជ្រោយចង្វារ ការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការធ្វើឲ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤ជាដើម។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូច ចំនួនប្រមាណ១៧០០ក្រុមហ៊ុន ដែលមានសកម្មភាព ក្នុងវិស័យជាច្រើនដូចជាវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។

ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារ J Trust Royal គឺជាលំដាប់អន្តរជាតិ ដែលបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩នេះ។

ធនាគារពាណិជ្ជដ៏ធំមួយនេះ គឺកើតចេញពីការវិនិយោគរួមគ្នារវាងធនាគារជប៉ុន J Trust និងក្រុមហ៊ុនលំដាប់កំពូលរបស់ខ្មែរ Royal group ដែលនឹងចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរវិញ គឺបានកើនឡើងដល់ជាង២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៨ និងចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩នេះ មានប្រហែល១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែមិថុនាកន្លងទៅនេះ បានបង្ហាញការស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេ សអ្នកវិនិយោគជប៉ុនដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

ដោយសម្តេចតេជោ ធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ ហើយថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់កិច្ចសម្របសម្រួល រាល់នីតិវិធីរដ្ឋបាល និងអមដំណើរនៅតាមគ្រប់ដំណាក់កាល នៃប្រតិបត្តិការវិនិយោគនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការវិនិយោគពីជប៉ុនទៅកម្ពុជា លោកស្វាគមន៍ចំពោះវិធានការណ៍ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញកន្លងមកនេះ ក្នុងការកាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា អ្វីដែលជាការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយជប៉ុនត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់កំពង់ផែកម្ពុជា ហើយលោកបានស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការចៃកា និងកំពង់ផែនៅខេត្តព្រះសីហនុ។

ទន្ទឹមនេះលោកក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង