សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន ១៧នាក់ ក្រោយបើកល្បែងអនឡាញខុសច្បាប់នៅកណ្តាលក្រុងកំពតរយៈពេលជិត៧ខែ

(កំពត)៖ មានសេចក្តីរាយការណ៍ពីខេត្តកំពតមកថា កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ មានការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងអនឡាញ មួយកន្លែងស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ១៧នាក់ និងដកហូតវត្ថុតាងបានទូរស័ព្ទដៃ ចំនួន ១៤៤គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ចំនួន ០១គ្រឿង។

សេចក្ដីរាយការណ៍បានបន្ថែមថា ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនោះ មានម្ចាស់ឈ្មោះ ឡេ ប៉ុនផន ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលបានជួលឲ្យក្រុមជនសង្ស័យអស់រយៈពេលជិត ៧ខែហើយ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង និងចាត់ការបន្ដតាមនីតិវិធី៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង