វៀតណាម ស្ថិតក្នុងវិនិយោគិនបរទេស ដែលដាំដំណាំកៅស៊ូច្រើនជាងគេនៅកម្ពុជា

(ភ្នំពេញ)៖ វៀតណាម មិនត្រឹមតែជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជានោះទេ តែក៏មានការវិនិយោគផ្ទាល់ច្រើនគួរឲ្យកត់សម្គាល់លើវិស័យកសិកម្ម ជាពិសេសការដាំដុះដាំណាំកៅស៊ូ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ខែសីហា ឆ្នាំ២០១៩ កម្ពុជាអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជា ២,៥ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួ នប្រមាណ ២ ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។

បន្ទាប់ពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាននៃការវិនិយោគក្រុមហ៊ុនវៀតណាមក្នុងវិស័យនានាដូចជា វិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំលក់រាយជាដើម។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានកត់សម្គាល់ថា ការវិនិយោគរបស់វៀតណាមនៅកម្ពុជា ចាប់ផ្តើមមានសន្ទុះ កើនឡើង ចាប់តាំងពីមានវិបត្តិតម្លៃកសិផលហក់ខ្លាំងនៅលើទីផ្សារពិភពលោកក្នុងអំឡុងឆ្នាំ ២០០៧-២០០៨ ដែលធ្វើឲ្យក្រុមហ៊ុនវៀតណាមស្វែងរកទីតាំងក្រៅប្រទេសដើម្បីវិនិយោគលើ វិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំកៅស៊ូនៅកម្ពុជា តាមរយៈគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច។ ម៉្យាងទៀត ទំនាក់ទំនងល្អរវាងប្រទេសទាំពីរ ក៏ជាហេតុផលសំខាន់ធ្វើឲ្យ វៀតណាមចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាច្រើនដែរ។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានមើលឃើញពីភាពវិជ្ជមាននៃការវិនិយោគរបស់វៀតណាមនៅកម្ពុជា នៅត្រង់ថា ជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងលើកកម្ពស់សេដ្ឋកិច្ច។ ចំណុចមួយទៀត ការវិនិយោគរបស់វៀតណាមតាមរយៈគម្រោងវិនិយោគដីសម្បទានសេដ្ឋដាំដំណាំកៅស៊ូ គឺមានការយកចិត្តទុកដាក់ មានសកម្មភាពលឿន និងធ្វើភ្លាមៗ។

ជុំវិញការប្រើប្រាស់កម្មករវៀតណាម នៅក្នុងក្រុមហ៊ុនវៀតណាម នៅកម្ពុជាវិញ លោក ចាន់ សុផល កត់សម្គាល់ឃើញថា៖ «យើងមិនសូវឃើញកម្មករគេមកធ្វើការច្រើនទៀតទេ នៅពេលនេះ ដោយសារតែសេដ្ឋកិច្ចវៀតណាមមានការរីកលូតលាស់ ធ្វើឲ្យពលរដ្ឋវៀតណាមចាប់អា រម្មណ៍ធ្វើការនៅក្នុងស្រុក និងវិធានការរឹតបណ្តឹងជនអន្តោប្រវេសន៍បានល្អរបស់កម្ពុជាក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ»។

យ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ មិនគាំទ្រចំពោះការវិនិយោគរបស់ជនបរទេសលើគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ក្នុងរយៈពេលវែងនោះទេ ព្រោះវាជាជនធានកម្រហើយលោកគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្រេចកាត់បន្ថយរយៈពេលកិច្ចសន្យានៃការវិនិយោគលើគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនឲ្យមាន រយៈពេលខ្លីជាងមុន។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងកន្លងមកថា ក្នុង​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា មាន​ប្រមាណ​ជា​ ១៩​ក្រុមហ៊ុន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​ កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា ១០​ម៉ឺន​ហិកតានៅ​កម្ពុជា។

​ក្រុមហ៊ុន​វៀតណាម ដាំដុះកៅស៊ូ មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​៧ រួមមាន​៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ ​មណ្ឌលគីរី និង​ខេត្ត​រតនគីរី​។

បច្ចុប្បន្ន បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ​ទាំង ​១៩ក្រុមហ៊ុន​​នោះ បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជា ១​ម៉ឺន៥​ពាន់​នាក់ និង​បន្ត​តម្រូវការ​កម្មករ​រហូត​ជាង៤ម៉ឺន​នាក់​ទៀត​ក្នុង​ឆ្នាំ​២០២០។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការផ្តល់ដីសម្ប ទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគឯកជន ព្រមទាំងនិរាករណ៍គម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយចំនួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋហើយមិនព្រមធ្វើសកម្មភាពអភិវឌ្ឍន៍។

ក្នុងសន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម កាលពីថ្ងៃទី ៤ខែតុ លា ឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងអ្នកវិនិយោគវៀតណាមដែលបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនផ្នែកសង្គមកិច្ច ផ្នែកសេដ្ឋកិច្ចសង្គម កាលានុវត្តភាព និងសក្តានុពលវិនិយោគ ក៏ដូចជាជ្រាបអំពីការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញអ្នកវិនិយោគវៀតណាម មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតលើវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យសំណង់ ផលិតសម្ភារបរិក្ខាសំណង់ និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងជាវិស័យសក្កានុពលរបស់កម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាផ្នែកមួយសំខាន់នៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងពង្រឹងភាពប្រកួតប្រជែងនិងធ្វើឲ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com