សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះត្រូវត្រលប់ទៅចូលរួមពិធីបូជាសពឪពុក

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យសិស្សស្រីនិទ្ទេស A ម្នាក់ មកថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះត្រូវត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក។

សូមបញ្ជាក់ថា ឪពុកសិស្សស្រីរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ នឹងក៏ត្រូវធ្វើពិធីបូជាសពនាព្រឹកនេះដែរ។ ជាមួយនឹងបំណងធំរបស់ខ្លួន(ឪពុកសិស្សិតស្រី) គឺចង់ឱ្យកូនស្រីបានជួប និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ។  បំណងប្រាថ្នាមួយនេះក៏បានសម្រេចតាមប្រាថ្នា តែអ្វីដែលសំខាន់ និងគួឲ្សសោកស្តាយនោះ គឺឪពុកសិស្សស្រីនេះមិនបានមើល និងឃើញកូនរបស់ខ្លួនថតជាមួយសម្តេចតេជោ ហ៊ុន សែន សូម្បីត្រឹមរូបថតក៏មិនបានឃើញដែរ។

ការអនុញ្ញាតិនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេស Aក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព។

ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទទាំងប្រទេស ក្នុងជំនួបលើកទី៦ នៃការជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេស Aនេះ សម្តេចតេជោ ប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង ៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក់, និទ្ទេស C ចំនួន ៥,៨៤៧នាក់, និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន៥៦,២៣២នាក់៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com