សម្តេចតេជោ ហ៊ុន សែន៖ ខួរក្បាលជនបរទេសមិនប្រាកដជាឆ្លាតជាងខួរក្បាលខ្មែរទេ គ្រាន់តែគេមានសំណាងកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ខួរក្បាលជនជាតិបរទេសមិនប្រាកដជាឆ្លាតជាងខួរក្បាលខ្មែរទេ គ្រាន់តែគេមានសំណាងកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លៃងបែបនេះនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទទាំងប្រទេស។

សម្តេចតេជោ បានលើកឧទាហរណ៍ពេលសម្តេចជួបអ្នកធំម្នាក់​​​ ជាជនជាតិបរទេស ដែលនិយាយបែបប្រមាថមើលងាយ ដូចសម្តេចបានប្រាប់ថា «ខួរក្បាលឯកឧត្តមមិនប្រាកដថា ឆ្លាតជាងខួរខ្ញុំ ឬមន្ត្រីរបស់ខ្ញុំទេ។ ដូនតាខ្ញុំធ្វើប្រាសាទអង្គរវត្ត តាំងពីប្រទេសឯកឧត្តមមិនទាន់កើតម្លេះ។ ឯកឧត្តមគ្រាន់តែសំណាងបានកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ»។

សម្តេចបានរំ​​​ឭកដល់ប្រជាពលរដ្ឋខ្មែរ ឲ្យខិតខំអភិវឌ្ឍខ្លួនឯង​​​ តាមរយៈការសិក្សាដើម្បីទទួលបានចំណោះដឹងទូលំទូលាយ កុំឲ្យបរទេសមើលងាយ។

«អ្នកខ្លះគ្រាន់តែកើតក្នុងប្រទេសអ្នកមាន ចង់ត្រួតយើង គឺមិនអាចទទួលយកបានទេ» សម្តេចបន្ថែម។

ប្រសាសន៍ដ៏ច្បាស់ៗរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជាម្ចាស់នៃមេដឹកនាំជាតិមួយ ធ្លាប់មានអរិយធម៌រុងរឿង និងមានអធិបតេយ្យភាពពេញបរិបូរណ៍ និងជាមេដឹកនាំជាតិមួយប្រកបដោយកត្តិយសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ។

នៅក្នុងជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន នៃការជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេសA នេះ សម្តេចតេជោ ក៏នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្សទាំង៤៤៣នាក់ ក្នុងម្នាក់ៗចំនួន១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក់, និទ្ទេស C ចំនួន ៥,៨៤៧នាក់, និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន៥៦,២៣២នាក់៕ (ផាន់ អាណា)

 

 

 

អត្ថបទដែលជាប់ទាក់ទង