សម្តេចតេជោ ហ៊ុន សែន ចែកក្រដាសប្រាក់ ១៥០០០រៀល ទើបបោះពុម្ពថ្មី ដល់សិស្សជាប់និទ្ទេសA ម្នាក់ៗ ចំនួន ៣០០០០រៀល ដើម្បីរក្សាទុកជាអនុស្សាវីយ៍

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានចែកក្រដាសប្រាក់ទើបបោះពុម្ពថ្មី​ដល់សិស្ស​ជាប់និទ្ទេសA ម្នាក់ៗ បានពីរសន្លឹក ស្មើនឹងចំនួន ៣០០០០រៀល ដើម្បីរក្សាទុកជាអនុស្សាវីយ៍ ក្នុងថ្ងៃជួបសម្តេច។ នៅថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ឲ្យប្រើប្រាស់​​ក្រដាសប្រាក់​រៀលថ្មី ក្រដាស​ ១៥០០០ រៀល ដែលជា​ការបោះពុម្ព ដើម្បីអបអរសាទរ​ខួប ១៥ឆ្នាំ នៃការឡើងគ្រងរាជ​សម្បត្តិរបស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៩​តុលា ឆ្នាំ២០០៤-ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩​។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចែកប្រាក់ថ្មីនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាល​ជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូ​តំណាងសាលារបស់សិស្សឆ្នើមទទាំងប្រទេស។

នៅក្នុងពិធីនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបរិច្ចាគថវិកាចំនួន៥លានរៀល ជូនសិស្សនារីម្នាក់ ដែលឪពុកទើបស្លាប់ កាលពី៣ថ្ងៃកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏ចែកកាកថ្មីស្រឡាង យ៉ាងស្អាត ដែលមានព្រះឆាយាសម្តេច​ព្រះបរមរតនកោដ្ឋ និងព្រះឆាយ ព្រះមហាក្សត្រផងដែរ។

នៅក្នុងជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន នៃការជួបសំណេះសំណាលជាមួយ​សិស្សានុសិស្ស​ប្រឡង​ជាប់និន្ទេស Aនេះ សម្តេចតេជោ ក៏នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភ​របស់ក្រុមហ៊ុនជីបម៉ុង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជន​ទូទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក់, និទ្ទេស C ចំនួន ៥,៨៤៧នាក់, និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន៥៦,២៣២នាក់៕ (ផាន់ អាណា)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com