សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានសង្គ្រាមវិនាសកម្ម គ្មានរបបប៉ុលពត ប្រជាជនកម្ពុជា នឹងមានប្រាក់ចំណូលខ្ពស់ មិនចាញ់បណ្តាប្រទេសក្នុងអាស៊ានឡើយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ប្រសិនបើគ្មានសង្គ្រាមវិនាសកម្ម គ្មានរបបប៉ុលពត ប្រជាជនកម្ពុជា នឹងមានប្រាក់ចំណូលខ្ពស់ មិនចាញ់បណ្តាប្រទេសក្នុងអាស៊ានឡើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លៃងបែបនេះនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបថា បើគ្មានសង្គ្រាម នោះប្រជាជនកម្ពុជា អាចមានប្រាក់ចំណូលមិនទាបជាងប្រជាជនថៃ ឬប្រជាជនម៉ាឡេស៊ីឡើយ ព្រោះសូម្បីតែសព្វថ្ងៃនេះ ប្រជាជនកម្ពុជា​​​ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនភូមារួចទៅហើយ។

នៅក្នុងជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន នៃការជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេសA នេះ សម្តេចតេជោ ក៏នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក់, និទ្ទេស C ចំនួន ៥,៨៤៧នាក់, និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន៥៦,២៣២នាក់៕ (ផាន់ អាណា)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com