ក្រុមគ្រូពេទ្យ ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ឥតគិតថ្លៃ នៅ​សាលាបឋមសិក្សា សែន​សុខ នៅ​ថ្ងៃអាទិត្យ ទី​០៦​តុលា​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃអាទិត្យ ទី​០៦ ខែតុលា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៧​ព្រឹក​តទៅ ក្រុមគ្រូពេទ្យ​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ស​.​ស​.​យ​.​ក ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី នឹង​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ និយោជិត ដែល​នឹង​ប្រព្រឹត្តិ ទៅក្នុង​បរិវេណ​“​សាលាបឋមសិក្សា​សែន​សុខ​” ស្ថិតនៅ​ភូមិ​សែន​សុខ​ទី​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រា​ធានី​ភ្នំពេញ​។

​សេចក្តីជូនដំណឹង បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព សូម​អញ្ជើញ​ចូលរួម​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល ព្រមទាំង​ទទួលយក​ថ្នាំ ដោយ​ឥតគិតថ្លៃ អោយបាន​ច្រើន​កុះករ​។​

​តាម​សេចក្តីជូនដំណឹង ប្រភេទ​ជំងឺ ដែល​ក្រុមគ្រូពេទ្យ ស​.​ស​.​យ​.​ក ពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ រួមមាន​៖
១-​ជំងឺ​ទូទៅ​
២-​ជំងឺ​បេះដូង និង​សរសៃឈាម​
៣-​ជំងឺ​មនុស្ស​ចាស់​
៤-​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​
៥-​ជំងឺ​សើ​ស្បែក និង​កាមរោគ​
៦-​ជំងឺផ្លូវចិត្ត​
៧-​ជំងឺ​កុមារ​
៨-​ជំងឺ​តម្រង់​នោម​
៩-​ជំងឺ​ភ្នែក​
១០-​ជំងឺ​វះកាត់ និង​រោគ​សន្លាក់​
១១-​ជំងឺ​មាត់​-​ធ្មេញ​
១២-​រោគ​ស្ត្រី និង​ពិនិត្យ​ផ្ទៃពោះ​
១៣-​មន្ទីរពិសោធន៍​ចល័ត​
១៤-​ផ្នែក​អេកូ​សាស្ត្រ​
១៥-​ពិនិត្យ​បឋម និង​វាស់​សម្ពាធ​ឈាម​
១៦-​កន្លែង​បើក​ឱសថ​
១៧-​អប់រំ​សុខភាព​សាធារណៈ​

​សូម​រម្លឹកថា សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក និង​លោកជំទាវ យឹម ឆៃ​លីន ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក​។
​សម្ព័ន្ធ​គ្រូពេទ្យ​ស​.​ស​.​យ​.​ក មាន​សមាជិក ជា​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា​។ លោក​បណ្ឌិត ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជា​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក​។​

​រហូតមកដល់​ខែតុលា ឆ្នាំ​២០១៩​នេះ សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក មាន​សមាជិក​សរុប​ចំនួន ៥.៨៥១ នាក់ មាន​ក្រុមការងារ​ជំនាញ តាម​ប្រភេទ​ជំងឺ​ចំនួន ១៨​ក្រុម ក្រុមការងារ​ទ្រទ្រង់​ចំនួន ១០​ក្រុម សាខា​តាម​មន្ទីរពេទ្យ​ចំនួន​៨ សាខា​តាម បណ្តា​សាកលវិទ្យាល័យ​នានា ចំនួន​១២ និង​សាខា​តាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​១៥​។​

​សម្ព័ន្ធ​គ្រូពេទ្យ​ស​.​ស​.​យ​.​ក បាន​បង្កើតឡើង ក្នុង​គោលដៅ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើក កម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ទីជនបទ​ដាច់ស្រយាល ដែល​ខ្វះ​លទ្ធភាព ឬ​ដែល​រស់នៅ​ឆ្ងាយ​ពី​សេវា​សុខាភិបាល ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ នយោបាយ​ណាមួយ​ឡើយ​។​

​រៀងរាល់ថ្ងៃ​អាទិត្យ សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក តែងតែ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ កម្មករនិយោជិត ដោយ​ឥតគិតថ្លៃ នៅ​ភ្នំពេញ ក៏ដូចជា នៅតាម​បណ្តា​ខេត្ត​នានា នៅ​ទូទាំងប្រទេស​។ មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​រាប់សែន​នាក់ បានទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង