ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមយន្តហោះពិសេស ទៅសង្គ្រោះនៅមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ

(ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមយន្តហោះពិសេស ទៅសង្គ្រោះនៅមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ បានប្រាប់ Swift News តាមទូរស័ព្ទ នៅមុននេះបន្តិចថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីព្យាបាលជំងឺបេះដូង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា «គាត់មានជំងឺបេះដូង ត្រូវបញ្ជូនទៅព្យាបាលនៅ បាងកកហើយ»។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បានចូលសម្រាកសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យកាល់ម៉ែត ដែលនៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេត្រ សាវឿន, រដ្ឋមន្ត្រី​បរិស្ថាន សាយ សំ​អាល់, រដ្ឋលេខាធិការ​ក្រសួង​អប់រំ ស សុខា ព្រមទាំង​តំណាងរាស្ត្រជាច្រើនរូបទៀត បាន​ចូលជួប​សួរសុខទុក្ខ​លោកស្នងការ​។

​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ជួនណា​រិន្ទ បាន​បង្ហោះ​ថា «​ខ្ញុំបាទ​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សូម​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ឧបត្ថម្ភ​ថវិកា ១០,០០០ USD, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ថវិកា ៥,០០០ USD សម្រាប់​ជួយ​ព្យាបាល​ដល់​រូប​ខ្ញុំបាទ ព្រមទាំង​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់​ដល់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ព្រមទាំង​លោកជំទាវ បាន​ជួយ​សម្រួល​ដោះស្រាយ​បន្ទុក​ស្នាក់នៅ នៃ​មន្ទីរពេទ្យ​សម្រាប់​រូបខ្ញុំ​បាទ​សម្រាក​ព្យាបាល​ជំងឺ​។​
​ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​ឲ្យ ឯកឧត្តម លោកជំទាវ ជួបប្រទះ​តែ​នឹង​សេចក្តីសុខ គ្រប់ប្រការ​»៕​ ( ឡុក សំរិត)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង