ជប៉ុនទម្លាក់ថវិកាជាង​ ១លានដុល្លារ​ ជួយដល់គម្រោង​ពីរ​នៅ​កម្ពុជា​

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាបានផ្តល់ជំនួយឥតសំណងចំនួន ១,០៥២,២៩៨ដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា។ ក្នុងនោះ ថវិកាត្រូវបានបែងចែកឲ្យទៅអង្គការសកម្មភាពកម្ចាត់មីនជប៉ុន អង្គការ JMAS ចំនួន ៨៤៣,១៥៦ដុល្លារ សម្រាប់ «គម្រោងលើកកម្ពស់ការ អភិវឌ្ឍសហគមន៍» តាមរយៈការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ» (ឆ្នាំទី​៣​) និងថវិកាចំនួន ២០៩,១៤២ដុល្លារ ត្រូវបានផ្ដល់ឲ្យអង្គការប្រជាជនក្តីសង្ឃឹមរបស់ជប៉ុនអង្គការ PHJ សម្រាប់ «គម្រោងពង្រឹងការថែទាំ សុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម» (ឆ្នាំទី១)។

សូមជម្រាបថា កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន​។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៧លានដុល្លារ ដល់គម្រោងចំនួន១២០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង