ក្រសួងត្រូវការថវិកាប្រមាណ​ ៧៦ពាន់លានរៀល​​ ដើម្បីស្តារផ្លូវដែលខូចខាត​ឲ្យមានលក្ខណៈដូច​ដើមវិញ​

(ភ្នំពេញ)៖ ការខូតខាតផ្លូវថ្នល់បណ្តាលមកពីឥទ្ធិពលទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង គិតត្រឹមដើម​ខែតុលានេះ មានផ្លូវជាតិ១លេខចំនួន៤ខ្សែ ស្មើ២៦កំណាត់ ប្រវែងប្រមាណ ១៥គីឡូម៉ែត្រ, ផ្លូវ​ជាតិ​២​លេខចំនួន២៣ខ្សែ ស្មើ៤៥កំណាត់ ប្រវែង៤១គីឡូម៉ែត្រ និងផ្លូវខេត្ត/ផ្លូវក្រុងមានចំនួន៤៦ខ្សែ ​ស្មើនឹង​៥៩​កំណាត់​ មាន​ប្រវែងសរុបប្រមាណ​ ១២៨គីឡូម៉ែត្រ។ នេះបើតាមរបាយការណ៍ដែលលើកឡើងដោយឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៅក្នុងកម្មវិធីបើកយុទ្ធនាការ “បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)” នៅថ្ងៃទី៤ ខែតុលានេះ។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះការជួសជុលផ្លូវដែលខូចខាតទាំងអស់នេះ ក្រសួងបានបែងចែកជាផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រុង។ ចំពោះផ្លូវក្រុងយើងទុកជូនរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត ហើយ​​ចំពោះ​ផ្លូវជាតិ​ ផ្លូវខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាអ្នកទទួលរាប់រងនៅក្នុងការជួសជុល ស្តារ និងលើកកម្រិតខ្សែផ្លូវទាំងអស់នេះឡើងវិញ។

ដោយឡែក បើគិតជាថវិកា ក្រសួងគ្រោងប្រើប្រាស់យន្តការថវិកាបន្ទាន់ប្រមាណ ១១ពាន់លានរៀល ដើម្បីជួសជុលឡើងវិញ និងត្រូវការថវិកាប្រមាណជា ៧៦ពាន់លានរៀល ដើម្បីស្តារផ្លូវដែលខូចឲ្យមានលក្ខណៈដូចដើមវិញ ហើយបើគិតចំពោះការលើកកម្រិតផ្លូវឲ្យឆ្លើយតបទៅនឹងស្ថានភាពការប្រែប្រួលអាកាសធាតុ គឺប្រមាណជា ៨ពាន់លាន។ យ៉ាងណាមិញ អគ្គនាយកដ្ឋានសាធារណការបានឲ្យដឹងដែរថា ចំពោះការបូកសរុបនេះ គឺគិតត្រឹមថ្ងៃទី១ ខែតុលា ដោយសារខេត្តមួយចំនួននៅតែបន្តរងឥទ្ធិពលជំនន់​ទឹកទន្លេមេគង្គ ដូច្នេះ ទំហំនៃការខូចខាតផ្លូវថ្នល់អាចនឹងមានជាបន្តទៀត៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង