ក្រសួងសាធារណការស្វែងរកដៃគូអភិវឌ្ឍផ្លូវដែកពីភ្នំពេញ ទៅវៀតណាម
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកដៃគូអភិវឌ្ឍផ្លូវដែកពីភ្នំពេញ ទៅវៀតណាម ខណៈដែលក្រុមហ៊ុនធុរកិច្ចសិង្ហបុរីចំនួន១៩ក្រុមហ៊ុន មកស្វែងរកឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីគោលការណ៍អាទិភាព នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅកម្ពុជា ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ការពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវថ្នល់ពី២គន្លងទៅ៤គន្លង និងពីផ្លូវ DBST ទៅផ្លូវកៅស៊ូបេតុង (AC) គម្រោងកំពុងដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសជិតខាង។
រដ្ឋមន្ត្រីក្រសួងសាធារណការបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ កាន់តែមានភាពងាយស្រួល និងលឿនជាងមុន ក្នុងនោះរួមមាន៖ ការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ការប្រើប្រាស់ QR Code លើផ្លាកលេខយានយន្ត បណ្ណសម្គាល់យានយន្ត និងលើបណ្ណបើកបរ ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យ ប្រជាពលរដ្ឋថតរូបភាពផ្លូវខូច ផ្ញើទៅកាន់ក្រុមការងារជួសជុល ដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។
ក្រៅពីនេះ រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និង Monorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ៕

