កម្ពុជាបង្ហាញសក្តានុពល​ប្រព័ន្ធដឹកជញ្ជូន​តាមផ្លូវអាកាស​ ​ក្នុង​មហាសនិ្នបាត​លើកទី៤០របស់​ ICAO​

(ភ្នំពេញ)៖ នៅក្នុងមហាសន្និបាតលើកទី៤០ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) នៅទីក្រុងម៉ុងត្រេអាល់ នាដើមខែតុលានេះ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់  បានជម្រាបអង្គមហាសន្និបាត អំពីភាពរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅប្រទេស​កម្ពុជា និងបណ្តាកត្តាប្រឈមមួយចំនួន ក្នុងនាមជាប្រទេសតូច តែមានសក្តានុពលខ្ពស់ នៃប្រព័ន្ធ​ដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។

ក្រៅពីនេះ ឯកឧត្តមក៏បានបន្តជួបប្រជុំទ្វេភាគី ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកវិស័យ អាកាសចរស៊ីវិល​ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមជ្ឈិមបូព៌ា និងតំណាងអង្គការអាកាសចរស៊ីវិលអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និង ជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសមកកាន់កម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ជាលទ្ធផលបឋមនៃអង្គមហាសន្និបាត អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងរដ្ឋសមា​ជិក​ទាំង ​១៦៨ប្រទេស​ បានទទួលស្គាល់​អំពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរួមទាំងអស់គ្នា ដែលនាំមកនូវភាពប្រសើរឡើងសុវត្ថិភាព សន្តិសុខ និងនីរន្តរភាព នៃប្រព័ន្ធអាកាសចរស៊ីវិលអន្តរជាតិ។

អង្គសន្និបាតក៏វាយតម្លៃយ៉ាងខ្ពស់ លើប្រសិទ្ធភាពនៃការដាក់ឲ្យអនុវត្តគំនិតផ្តួចផ្តើម “មិនទុកឱ្យប្រទេស​ណាមួយនៅក្រោយគេ” តាមរយៈសកម្មភាពផ្សព្វផ្សាយជាសកល អំពីរបៀបរបបអនុវត្តការងារឲ្យ មានប្រសិទ្ធភាព ដោយគោរពតាមកម្រិតស្តង់ដា គោលការណែនាំ គោលនយោបាយ និងកម្មវិធីនានា ដែលដាក់ចេញដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិមួយនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង