ក្រុមហ៊ុនសិង្ហបុរី ​ចង់វិនិយោគលើវិស័យផ្លូវថ្នល់ ​ផ្លូវល្បឿនលឿន​ និងផ្លូវដែក​នៅកម្ពុជា​

(ភ្នំពេញ)៖ ក្រុមហ៊ុនសិង្ហបុរី កំពុងពិចារណាលើឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក។ នេះបើតាមការឲ្យដឹងនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី។

ក្រុមគណៈប្រតិភូនេះរួមមានសមាសភាពពីក្រុមហ៊ុនធុរកិច្ចសិង្ហបុរីចំនួន១៩ក្រុមហ៊ុន ដែលដឹកនាំដោយ លោក Mike Lee អនុប្រធានទទួលបន្ទុកការងារអាស៊ាន នៃក្រុមហ៊ុន Global Business Division និងមានការចូលរួមអមដំណើរពីក្រុមមន្ត្រីស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោក Mike Lee បានបញ្ជាក់អំពីគំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងការពិចារណាលើឱកាសថ្មី នៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់វិនិយោគលើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនសិង្ហបុរី ដទៃទៀតដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង