លិខិត​មិត្ត​អ្នកអាន​៖ សូម​វិនិយោគ​លើ​ធុងសំរាម​!

(​ភ្នំពេញ​)៖ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ សំរាម នៅ​បន្ត​រាយប៉ាយ តាមផ្លូវ​ជាច្រើន នៅ​ភ្នំពេញ​។ មកដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ សំរាម​នៅតែ​គរ​ជា​ពំនូកៗ តាមផ្លូវ​តូច ផ្លូវធំ និង​នៅតាម​ផ្សារ ជាដើម បើទោះបីជា​បុគ្គលិក និង​កម្មករ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី ដែលមាន​តួនាទី ក្នុងការ​បោសសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ បាន​ចូលធ្វើការ​វិញ ក្រោយ​ឈប់សម្រាក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំនួន ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ក៏ដោយ​។

​របាយការណ៍​របស់​អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ បង្ហាញថា សំរាម​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ពី​រង្វង់ ២៦០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៨ ដល់​រង្វង់ ២៩០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៩ នេះ​។ ពោលគឺ​កើនឡើង ៣០០​តោន ក្នុង​មួយថ្ងៃ​។
​នៅក្នុង​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​ដែល​ប្រមូលបាន នៅក្នុង​រាជធានី​ភ្នំពេញ មាន​ជាង ៦០​ម៉ឺន​តោន ខណៈ​ពេញ​មួយឆ្នាំ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ សំរាម មាន​ត្រឹមតែ ៩០​ម៉ឺន​តោន​ប៉ុណ្ណោះ​។​

​ដោយឡែក ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ផ្តាច់មុខ​ប្រមូល​សំរាម​នៅ​ភ្នំពេញ បាន​បែងចែក​ការប្រមូល​សំរាម ជា ២​វេន គឺ​ពេលយប់ និង​ពេល​ថ្ងៃ​។ រីឯ​កាលវិភាគ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ចែកជា​ផ្លូវ ៣​ប្រភេទ ដោយ​ប្រើប្រាស់​ឡាន​ដឹក​សំរាម ពេល​ថ្ងៃ ចន្លោះ​ពី ១៧០ ទៅ ១៨០ គ្រឿង និង​ពេលយប់ ចន្លោះ​ពី ៧០ ទៅ ៨០ គ្រឿង​។​

​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​លើកឡើងថា ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បែងចែក​ផ្លូវ​ជា ៣​ប្រភេទ ដែល​ត្រូវ​បោសសម្អាត និង​ប្រមូល​សំរាម​។ ក្នុងនោះ នៅ​ផ្លូវធំៗ ដូចជា មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះ​នរោត្តម ព្រះមុនីវង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម ជាដើម គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម នៅពេល​យប់ រៀងរាល់​យប់ រៀងរាល់ថ្ងៃ ហើយ​ព្រឹក​ព្រលឹម​ឡើង ត្រូវ​បោសសម្អាត​ទៀត​។ រីឯ​នៅតាម​ផ្លូវ​ខ្លះទៀត គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម នៅ​ថ្ងៃ​សេស និង​ថ្ងៃ​គូ បានន័យថា រំលង​មួយថ្ងៃ យក​ម្តង​។
​ចំណែក​ប្រភេទ​ផ្លូវ​មួយទៀត គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម ១​សប្តាហ៍ ៣​ដង រួមមាន​៖ ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​។​

​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី លើកឡើងថា ដោយសារតែ​ភ្នំពេញ សព្វថ្ងៃ មានការ​រីកចម្រើន​ច្រើន ជាពិសេស​ឡាន​មាន​ច្រើន នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម ក្នុងការ​ប្រមូល ដឹកជញ្ជូន​សំរាម ជាពិសេស​បញ្ហា​សណ្តាប់ធ្នាប់ ចត​យានយន្ត ចត​សង្ខាង​ផ្លូវ ដែល​នាំ​ឲ្យ​ឡាន​ដឹក​សំរាម​របស់​ស៊ិន​ទ្រី មិនអាច​ចេញចូល​បាន ធ្វើ​ឲ្យ​មានការ​អាក់ខាន មិនបាន​យក​សំរាម​នៅ​តំបន់​ខ្លះ​។ ម្យ៉ាងទៀត រោងបុណ្យ រោងការ បានធ្វើ​ពេញ​ផ្លូវ ដែល​ភាគច្រើន នៅ​ផ្លូវ​តូចៗ ក៏​ធ្វើ​ឲ្យ​ឡាន​ដឹក​សំរាម​របស់​ស៊ិន​ទ្រី មិនអាច​ចេញចូល​ទៅបាន នាំ​ឲ្យ​ប្រជាជន​រអ៊ូរទាំ​រឿង​សំរាម​។​

​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បន្ថែមថា បរិមាណ​សំរាម ក្នុង​រដូវប្រាំង នៅ​ភ្នំពេញ ក្នុង​មួយថ្ងៃ ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ដឹកជញ្ជូន ចន្លោះ​ពី ១៧០០ ទៅ ១៨០០ តោន​។ តែ​នៅ​រដូវវស្សា មាន​ភ្លៀង គឺអាច​ដឹកជញ្ជូន​សំរាម កើនឡើង​ដល់ ៣០០០ តោន ក្នុង ១​ថ្ងៃ​។​

​យ៉ាងណាក៏ដោយ សំរាម នៅ​ភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួនធំ ពិសេស​អ្នករស់នៅ​តាមផ្លូវ​លំ​តូចៗ បានលើកឡើង​ញឹកញាប់ ដែល​នៅ​តំបន់​ខ្លះ សំរាម​នៅ​ពាសវាល​ពាសកាល ដោយសារតែ​គ្មាន​ស៊ិន​ទ្រី មិន​ប្រមូល ដឹកជញ្ជូន ទុក​ឲ្យ​គ​ដូច​ភ្នំ​សំរាម ពិសេស​នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ជាការ​ពិត សំរាម​រាយប៉ាយ តាមផ្លូវ ដោយសារតែ​មិនមាន​ធុងសំរាម និង​ដោយសារ​សេវា​ប្រមូល ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ហាក់ដូចជា យឺតយ៉ាវ រខេករខាក មិន​ទៀងពេល និង​ដំណើរការ​មិនបាន​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុមហ៊ុន​ស៊ិន​ទ្រី ឲ្យ​យកលុយ​ចំណេញ​ពី​អាជីវកម្ម​ផ្តាច់មុខ ក្នុងការ​ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយ​គ្រាន់តែ​គិត ១​ខ្នង​ផ្ទះ ១​ដុល្លារ ក្នុង ១​ខែ តើ​នៅ​ភ្នំពេញ មាន​ប៉ុន្មាន​ម៉ឺន​សែន លាន​ខ្នង​ផ្ទះ​? ហើយ​តើ ១​ខែៗ ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមូល​លុយ​បាន​ប៉ុន្មាន​សែន​លាន​ដុល្លារ​? ហេតុអ្វី​បានជា​មិន​វិនិយោគ​ខ្លះ ទៅលើ​ធុងសំរាម ដើម្បី​ដាក់ពង្រាយ​ធុងសំរាម តាមផ្លូវ តាម​ទីសាធារណៈ ដើម្បី​ឲ្យ​ទីក្រុង​យើង ស្អាត បរិស្ថាន​ល្អ​?

​នៅតាម​មហាវិថី ផ្លូវ​តូច ផ្លូវធំ នៅ​ភ្នំពេញ គឺ​ស្ទើរតែ​មិនមាន​ធុងសំរាម​របស់​ស៊ិន​ទ្រី​តែម្តង​។ នេះ​ជាហេតុ នាំ​ឲ្យ​ប្រជាពលរដ្ឋ គរ​សំរាម លើ​ចិញ្ចើមផ្លូវ ហើយ​ពេល​ខ្យល់ និង​ភ្លៀង​មក ក៏​ប៉ើង អណ្តែត​រាយប៉ាយ​ពេញ​ផ្លូវ​តែម្តង​។

​ដូច្នេះ គ្រាន់តែ​អាជ្ញាធរ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រាប់​ទៅ​ក្រុមហ៊ុន​ស៊ិន​ទ្រី ឲ្យ​វិនិយោគ លើ​ធុងសំរាម ដាក់ពង្រាយ​តាមផ្លូវ ១០​ម៉ែត្រ ធុងសំរាម​មួយ នោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មិនមែន​ដល់​ថ្នាក់ យក​សំរាម ទៅ​បោះចោល​ក្រៅ​ធុងសំរាម​នោះទេ​។ តែ​ពេលនេះ បើ​មិនមាន​ធុងសំរាម​ផង តើ​ឲ្យ​ប្រជាពលរដ្ឋ យក​សំរាម​ទៅ​ចោល​ឯណា​?

​យ៉ាងណាមិញ ប្រៀប​ដូច​មនុ​ស្សរាក​អាចម៍ បើ​មិនមាន​បង្គន់​បន្ទោ​របង់ គឺ​ត្រូវ​ជុះ​ដាក់​របង​ផ្ទះ គុម្ព​ចេក ពាសវាល​ពាសកាល ស្អុយ​ពេញ​ហ្នឹងហើយ​។​

​ដូច្នេះ​សរុបមក ចង់​ឲ្យ​ទីក្រុង​ភ្នំពេញ ក្លាយជា​ទីក្រុង​ស្អាត បរិស្ថាន​ល្អ ចាំបាច់​ណាស់ ស៊ីន​ទ្រី ត្រូវ​ហ៊ាន​វិនិយោគ​លើ​ធុងសំរាម​។ បើសិន​ជាមាន​ធុងសំរាម ដាក់ពង្រាយ​តាម​ទីសាធារណៈ តាម​សួនច្បារ តាមផ្លូវ​តូច ផ្លូវធំ ហើយ​មាន​កម្មករ​បោសសំអាត ប្រមូល​សំរាម ឡាន​ដឹកជញ្ជូន​បាន​ទៀងទាត់​រាល់ថ្ងៃ នោះ​មិន​ដល់ ១​ឆ្នាំ​ទេ ភ្នំពេញ​នឹង​លែងមាន​សំរាម​ពាសវាល​ពាសកាល រប៉ាត់រប៉ាយ​តាមផ្លូវ​ទៀតហើយ​។

​យើង​មើល​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺ​ធុងសំរាម ត្រូវបាន​ដាក់ពង្រាយ​យ៉ាងច្រើន នាំ​ឲ្យ​នៅ​វិមាន​ឈ្នះ​ឈ្នះ មិនមាន​សំរាម​រប៉ាត់រប៉ាយ ដូច​នៅតាម​ផ្លូវ តាម​សួនច្បារ​មួយចំនួន នៅ​ភ្នំពេញ​ឡើយ​។​

​មហាជន​គាំទ្រ​នូវ​គម្រោង​ធ្វើ​ច្បាប់​ផាកពិន័យ​លើ​អ្នក​បោះចោល​សំរាម ពាសវាល​ពាសកាល​។ ប៉ុន្តែ​ជាបឋម មុនដំបូង​នេះ គួរតែ​គិត​លើ​ការដាក់​ធុងសំរាម ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់ សម្រាប់​ប្រជាជន មាន​កន្លែង​បោះចោល​សំរាម​សិន​៕

( រូបថត​៖ សំរាម​នៅ​គរ លើ​ចិញ្ចើមផ្លូវ នៅ​មហាវិថី​ម៉ៅ​សេទុង មុខ​ផ្សារ​ដើម​គរ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ )​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com