​ក្រោយពីបានចុះ​ពិនិត្យស្ថាន​ភាព​ជាក់ស្តែង​រួច​ មន្ត្រី​ជាន់ខ្ពស់​ IMF​​ កោត​សសើរ​ពី​​ការ​​រីក​ចម្រើ​ន​​​សេដ្ឋកិច្ច​កម្ពុជា​

(ភ្នំពេញ​)៖ មន្ត្រី​ជាន់ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​កោត​សសើរ​ចំពោះ​ការ​រីក​រីកចម្រើនសេដ្ឋ​កិច្ច​របស់​កម្ពុជា​ និង​ចំណូលជាតិ​រឹង​មាំ ក្រោយពី​ក្រុមការងារ Article​ IV​ បាន​ចុះ​បំពេញបេស​កកម្ម​ រយៈពេល២សប្តាហ៍​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី​ ៣០​ ខែកញ្ញា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ បេសកកម្ម​របស់​ក្រុមការងារ​ Article​ IV​ មាន​គោល​បំណង​​៖

១. វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ តំបន់​ និង​នយោបាយ​ភូមិ​សាស្រ្ត​ មក​លើ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​

២. វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​គន្លឹះ​ សម្រាប់​ពិចារណា​លើ​វិធានការ​ គោលនយោបាយ​ជា​យុទ្ធ​សាស្រ្ត​ និង​អាទិភាព​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​អនុវត្ត​ និង​ត្រៀម​នឹង​ដាក់ចេញ​សម្រាប់​ជំ​ហ៊ាន
​បន្ទាប់​

៣. ការ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ ក្នុង​ការ​គាំទ្រ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកប​ដោយ​ចីរភាព​ របស់​កម្ពុជា​ (CSDGs​) និង​

៤. យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​សមត្ថភាព​មន្រ្តី​ជំនាញ​កម្ពុជា​ ដែល​រួមមាន​ ជំនាញ​វិភាគ​ និង​ស្តង់ដារ​គ្រប់គ្រង​និង​ផ្សព្វផ្សាយ​ ទិន្នន័យ​ ។

ឯកឧត្តម អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​ជានិច្ចកាល​តែងតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ ក្នុង​ការចូលរួម​ យ៉ាងសកម្ម​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ បន្ត​រួមចំណែក​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ និង​មន្រ្តី​ជំនាញ​របស់​កម្ពុជា​ លើ​ការវាយតម្លៃ​ហានិភ័យ​ក្នុង​និង​ក្រៅ​ និង​ប្រែក្លាយ​បញ្ហា​ប្រឈម​ និង​ភាព​មិន​ប្រាកដប្រជា​ទាំងឡាយ​ ឲ្យ​ទៅជា​កាលានុវត្ត​ភាព​សម្រាប់​កម្ពុជា​ តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ជា​យុទ្ធ​សាស្រ្ត​ និង​ជា​កញ្ចប់​ ក្នុងរយៈពេល​ខ្លី​ មធ្យម​ និង​វែង​ ប្រកបដោយ​ភាព​បុរេ​សកម្ម​​ភាព​​ប្រទាក់​ក្រឡា​ និង​ភាព​គ្រប់ជ្រុងជ្រោយ​។

លោក​ Jarkko​ Turunen​ ប្រធាន​បេសកកម្ម​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ចំណូលជាតិ​ប្រកបដោយ​ភាព​រឹង​មាំ​​ ​និង​ផ្លែផ្កា​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បន្ត​រៀបចំ​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ សម្រាប់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ ក្នុង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ និង​​​ពិភាក្សា​​ដោយ​ផ្ទាល់​ ជាមួយ​អគ្គនាយក​ដ្ឋាន​/ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ឱកាស​បំពេញការងារ​បេសកកម្ម​នេះ​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ក្របខ័ណ្ឌ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ ក្នុង​ការ​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ គួរ​ត្រូវ​គិតគូរ​ និង​​ផ្សារភ្ជាប់​​ជាមួយ​​ ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ថវិកា​, ផែនការ​យុទ្ធ​សាស្រ្ត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម​ ដែល​បាន​អនុម័ត​រួច​។

ទន្ទឹម​នេះ​ ឯកឧត្តមបាន​ថ្លែង​សេចក្តី​សោមនស្ស​រីករាយ​ ចំពោះ​ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ដែល​តែងតែ​លើកកម្ពស់​ ភាពជា​ដៃគូ​ និង​ភាពជា​ម្ចាស់ការ​, ផ្តល់​ការ​គាំទ្រ​ និង​ផ្តល់​អនុសាសន៍​ពិតប្រាកដ​តាមរយៈ​ការ​ចុះ​សង្កេត​ និង​ធ្វើការ​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ផ្ទាល់​ ចូលរួម​ចំណែក​តម្រង់​ និង​តម្រឹម​គោលនយោបាយ​ អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​, សង្គម​, សារពើពន្ធ​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកបដោយ​ប្រសិទ្ធភាព​ ចីរភាព​ និង​បរិ​យា​ប័ន្ន។

ឯកឧត្តម​រដ្ឋមន្រ្តី​ បាន​ជូនពរ​លោក​ Jarkko​ Turunen​ ព្រមទាំង​សហការី​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ ក្នុង​ឱកាស​បំពេញការងារ​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ក្រុមការងារ​នឹងផ្តល់​អនុសាសន៍​គន្លឹះ​បន្ថែម​ សម្រាប់​ចូលរួម​ការ​អភិវឌ្ឍ​កម្ពុជា​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង